ថៃសម្តែងក្បាច់«មួយថៃ»បំបែកឯតទគ្គកម្មពិភពលោក

ថៃ ៖ សិស្សនាយទាហានថៃ , និស្សិតសាកលវិទ្យាល័យ និង អ្នកស្ម័គ្រចិត្ត ជាង៣ពាន់នាក់បានធ្វើពិធីថ្វាយបង្គំគ្រូរបស់ក្បាច់«មួយថៃ» (Muay Thai) បំបែកឯតទគ្គកម្មកាលពីថ្ងៃចន្ទទី៦កុម្ភៈឆ្នាំ២០២៣ នៅក្រោមការឃ្លាំមើល ពីរូបសំណាកធំចំនួនប្រាំមួយរបស់អតីតព្រះមហាក្សត្រ។

ខណៈពេលការជួបជុំពេលថ្ងៃលិចនៅក្រុងហួហ៊ីន (Hua Hin) ជាផ្នែកមួយនៃពិធីបុណ្យ Muay Thai ក្នុងទីក្រុងរមណីយដ្ឋានមាត់សមុទ្រនេះ បានបំបែកកំណត់ត្រាពិភពលោកហ្គីនណេស ដែលពីមុនមានចំនួន ២៥០ នាក់ ហើយលើកនេះមានអ្នកចូលរួមដល់ទៅ ៣.៦៦០ នាក់ ដោយសម្តែងក្បាច់រាំថ្វាយបង្គំគ្រូរបស់ពួកគេក្នុងពេលដំណាលគ្នា។

អ្នក​សម្ដែង​ជើង​ទទេ ខណៈព្រះ​អាទិត្យ​បាន​ដុត​កម្ដៅ​លើកម្រាល​បេតុង​ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ទេសចរណ៍​ថៃ(TAT) កងទ័ព​ភូមិន្ទ​ថៃ និង​ ក្រសួង​វប្បធម៌និង​កីឡា បាន​ចូលមក​ទីលាន​ព្យុហយាត្រា​ នៅ​ឧទ្យានរ៉ាចាបាកទី(Rajabhakti) នៅ​ចំពោះ​មុខនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។

ស្ថិតក្នុងស្លៀកពាក់ឯកសណ្ឋានពណ៌ក្រហម ជាមួយនឹងខ្សែមង្គលពណ៌ស ក៏ដូចជាខ្សែអំបោះឆៅពណ៌សរុំលើដៃ អ្នកសម្តែងជាបុរសទាំងនោះបានបញ្ចេញក្បាច់ដំណាលគ្នាល្អឥតខ្ចោះតាមរបៀបរបស់អ្នកប្រដាល់ Muay Thai ដ៏ល្បីល្បាញ ឈ្មោះ សម្បត្តិ «បួខាវ» បញ្ជាមេឃ (Sombat “Buakaw” Banchamek)។

ចំពោះអ្នកវិនិច្ឆ័យផ្លូវការរបស់ហ្គីនណេស ដែលបញ្ជាក់ការបំបែកឯតទគ្គកម្មនេះ បាននិយាយថា «សូមអបអរសាទរអ្នកពិតជាអស្ចារ្យណាស់»។

ចំណែកអ្នកសម្តែងវ័យ ២៧ ឆ្នាំ ឈ្មោះ ភូគ្រីត ភូរីមឆៃថាណាត (Phukrit Purimchaithanat) បាននិយាយថា «ខ្ញុំពិតជាមានមោទនភាពណាស់»។ដោយបន្ថែមថាគាត់និងមិត្តរួមការងាររបស់គាត់ពិតជារីករាយដែលពួកគេអាចធ្វើវាបាន បន្ទាប់ពីការត្រៀមខ្លួនជាច្រើនខែមកនេះ។

នាង ស៊ីណា គ្រូស (Siena Cruz) អាយុ ៣២ ឆ្នាំ ជាអ្នកស្រុកហួហ៊ីន បាននិយាយនៅពេលនាងរីករាយនឹងកម្មវិធីនេះជាមួយមិត្តភក្តិ ថា «វាគួរឱ្យភ្ញាក់ផ្អើល វាអស្ចារ្យណាស់ ហើយនៅចំពោះមុខស្តេចនិងអ្វីៗទាំងអស់»។ការកត់សម្គាល់​ពី​របៀប​ដែល​ពិធីថ្វាយបង្គំគ្រូ​មុន​ការ​ប្រកួត​ មាន​សារៈសំខាន់ខ្លាំងចំពោះ​កីឡានេះ នាង​បាន​និយាយ​បន្តថា «ទិដ្ឋភាពនេះ​គឺជា​អ្វីៗ​ដែល​ទាក់ទង​នឹង​ប្រពៃណី​»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *