ទារិកាទើបនឹងកើត ត្រូវបានសង្គ្រោះ ពីគំនរបាក់បែករញ្ជួយដីនៅស៊ីរី

បរទេស ៖ គ្រូពេទ្យនិងសាច់ញាតិ របស់ទារិកាបាននិយាយកាលពីថ្ងៃអង្គារទី៧កុម្ភៈឆ្នាំ២០២៣ថា អ្នកស្រុក ដែលកំពុងជីកកកាយអគារបាក់រលំក្នុងទីប្រជុំជនមួយនៅភាគពាយព្យនៃប្រទេសស៊ីរី បានរកឃើញទារិកាម្នាក់កំពុងយំដែលម្តាយរបស់វាហាក់បានផ្តល់កំណើតឱ្យវា ខណៈត្រូវបានកប់នៅក្រោមគំនរបាក់បែកពីគ្រោះរញ្ជួយដីដ៏អាក្រក់នៅសប្តាហ៍នេះ។

គ្រូពេទ្យបាននិយាយថា «ទងផ្ចិតរបស់ក្មេងស្រីទើបនឹងកើតនេះគឺនៅជាប់នឹងម្តាយរបស់នាង ឈ្មោះ អាហ្វ្រា អាប៊ូហាឌីយ៉ា (Afraa Abu Hadiya) ដែលបានបាត់បង់ជីវិតទៅហើយ»។

ចំណែកលោក រ៉ាម៉ាដាន ស្លីម៉ាន់ (Ramadan Sleiman) ដែលជាសាច់ញាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា «ទារិកានេះគឺជាសមាជិកតែម្នាក់គត់នៃគ្រួសាររបស់នាងដែលបានរួចរស់ជីវិតពីការដួលរលំអគារកាលពីថ្ងៃចន្ទនៅក្នុងទីប្រជុំជនតូចមួយឈ្មោះ ជីនឌឺរីស (Jinderis) ជាប់ព្រំដែនតួកគី»។

គ្រោះរញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័រកាលពីព្រឹកព្រលឹមថ្ងៃចន្ទអមដោយរលករញ្ជួយជាច្រើនដងទៀតបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅទូទាំងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។ 

មានមនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បានសម្លាប់ ដោយ​ចំនួន​អ្នក​ស្លាប់នៅតែបន្ត​កើន​ឡើង ខណៈ​សាកសព​ច្រើន​ទៀត​ត្រូវ​បាន​រក​ឃើញ។ ប៉ុន្តែ​ការ​សង្គ្រោះ​ដ៏ខ្លាំងក្លា​ក៏​កំពុង​បន្ត។ នៅកន្លែងផ្សេងទៀតក្នុងទីប្រជុំជនជីនឌឺរីស ក្មេងស្រីវ័យក្មេងម្នាក់ត្រូវបានរកឃើញនៅរស់ ដោយកប់នៅក្នុងបេតុងនៅក្រោមគំនរបាក់បែកនៃផ្ទះរបស់នាង។

ទារិកាទើបនឹងកើតខាងលើត្រូវបានជួយសង្គ្រោះកាលពីរសៀលថ្ងៃចន្ទ គឺជាង១០ម៉ោងបន្ទាប់ពីរញ្ជួយដីបានវាយប្រហារ។ លោកហានី ម៉ារ៉ូហ្វ (Hani Maarouf) ជាគ្រូពេទ្យដែលកំពុងព្យាបាលទារកនេះបាននិយាយថា«បន្ទាប់ពីអ្នកជួយសង្គ្រោះបានជីកយកនាងចេញមកក្រៅ អ្នកជិតខាងស្រីម្នាក់បានកាត់ទងផ្ចិត ហើយស្ត្រីនោះនិងអ្នកដទៃទៀតបានប្រញាប់បញ្ជូនទារកនេះទៅកាន់មន្ទីរពេទ្យកុមារមួយក្នុងទីក្រុងអាហ្វ្រីន (Afrin) ក្បែរនោះ កន្លែងដែលនាងត្រូវបានរក្សាទុកក្នុងកែវចិញ្ចឹម»។

បើតាមវីដេអូនៃការសង្គ្រោះដែលកំពុងល្បីនៅលើបណ្តាញសង្គមបានបង្ហាញគ្រាមួយបន្ទាប់ពីទារកត្រូវបានយកចេញពីគំនរបាក់បែកភ្លាម ,គេឃើញបុរសម្នាក់លើកនាងឡើង ដោយទងផ្ចិតនៅជាប់នឹងពោះនាងនៅឡើយ ហើយប្រញាប់យកនាងចេញភ្លាម ខណៈបុរសម្នាក់ទៀតបានបោះភួយឱ្យគាត់រុំនាងឱ្យជិត។

លោកបាននិយាយថា «សីតុណ្ហភាពរាងកាយរបស់ទារិកាបានធ្លាក់ចុះត្រឹម ៣៥ អង្សាសេ ហើយនាងមានស្នាមជាំ រួមទាំងស្នាមដៅខ្មៅធំមួយនៅលើខ្នងរបស់នាង ប៉ុន្តែនាងស្ថិតក្នុងស្ថានភាពនឹងនរធម្មតាទេ»៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *