យ៉ាងតិច៥នាក់បាត់បង់ជីវិតនៅអ៊ុយក្រែន ក្រោយរុស្ស៊ីបាញ់មីស៊ីលស្រោច

បរទេស ៖ ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបញ្ចេញមីស៊ីលជាច្រើនគ្រាប់ ដែលផ្តោតលើហេដ្ឋារចនាសម្ពន្ធថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៩មីនាឆ្នាំ២០២៣ ដោយវាយប្រហារទៅលើអគារលំនៅដ្ឋាន និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់បាត់បង់ជីវិត នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំបំផុតបែបនេះក្នុងរយៈពេលបីសប្តាហ៍។

លោក ម៉ាក់ស៊ីម កូហ្ស៊ីតស្គី (Maksym Kozytskyi) អភិបាលក្រុងល្វីវ (Lviv) បាននិយាយថា មនុស្សបួននាក់បានបាត់បង់ជីវិត នៅក្នុងតំបន់ទីក្រុងល្វីវ បន្ទាប់ពីមីស៊ីលមួយហ្វូងបានវាយប្រហារតំបន់លំនៅដ្ឋានមួយ។ លោកបាននិយាយថា អគារចំនួនបីត្រូវបានបំផ្លាញដោយអគ្គិភ័យ បន្ទាប់ពីការធ្វើវាយប្រហារនេះ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងរើគំនរបាក់បែកដើម្បីស្វែងរកជនរងគ្រោះ។

លោក សឺហ៊ីល លីសាក់ (Serhii Lysak) អភិបាលក្រុងឌីនីប្រូដ្រូវសក៍ (Dnipropetrovsk) បាននិយាយថា មនុស្សទី៥ បានបាត់បង់ជីវិត និងពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារជាច្រើនលើកនៅក្នុងតំបន់ទីក្រុងឌីនីប្រូដ្រូវសក៍ ដែលផ្តោតលើហេដ្ឋារចនាសម្ពន្ធថាមពល និងកន្លែងឧស្សាហកម្មរបស់ខ្លួន។

ចំណែកស៊ីរ៉ែន បាន​ព្រមានអំពីការវាយឆ្មក់​តាម​អាកាស​បានបន្លឺឡើង​ពេញ​មួយ​យប់​ទូទាំង​ប្រទេស​អ៊ុយក្រែន រួម​ទាំង​រដ្ឋធានីគៀវ ​កន្លែង​ដែល​ការ​ផ្ទុះជាច្រើន​បាន​កើត​ឡើង​នៅ​តំបន់ពីរនៅ​ភាគ​ខាង​លិច​​ទីក្រុង។ ប្រព័ន្ធការពារអាកាសត្រូវបានធ្វើឱ្យសកម្មឡើងនៅជុំវិញប្រទេស ហើយគេមិនច្បាស់ថា មានមីស៊ីលប៉ុន្មានគ្រាប់បានវាយប្រហារគោលដៅ ឬត្រូវបានស្ទាក់ចាប់នោះទេ។

រដ្ឋបាលក្រុងគៀវនិយាយថា ទីក្រុងត្រូវបានវាយប្រហារដោយមីស៊ីលនិងដ្រូន ហើយមីស៊ីលជាច្រើនត្រូវបានស្ទាក់ចាប់ ប៉ុន្តែហេដ្ឋារចនាសម្ពន្ធថាមពលរបស់ក្រុងត្រូវបានវាយប្រហារ។

លោក វីតាលី គ្លីតស្កូ (Vitali Klitschko) អភិបាលក្រុងគៀវបាននិយាយថា ការផ្ទុះជាច្រើនត្រូវបានរាយការណ៍នៅក្នុងសង្កាត់ហូឡូស៊ីវស្គី (Holosiivskyi) នៃទីក្រុង ហើយមនុស្សពីរនាក់បានរងរបួសនៅក្នុងស្រុកស្វីយ៉ាតូស៊ីនស្គី(Sviatoshynskyi) ផងដែរនៅផ្នែកខាងលិចនៃទីក្រុង ហើយរថយន្តជាច្រើនបានឆាបឆេះនៅទីនោះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *