លោកពូទីន អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើ​លោក​ ធ្វើ​ដំណើរ​ទៅ​រដ្ឋ​សមាជិក ICC ណា​មួយ

បរទេស ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃសុក្រទី១៧មីនាឆ្នាំ២០២៣ បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយចោទថា«ការនិរទេសកុមារអ៊ុយក្រែនដោយបង្ខំពីសំណាក់រដ្ឋាភិបាលក្រុងមូស្គូគឺជាឧក្រិដ្ឋកម្មសង្រ្គាម ខណៈវិមានក្រឹមឡាំងបានបញ្ចេញប្រតិកម្មទាំងកំហឹងតប»។

ប្រទេសរុស្ស៊ីមិនបានលាតត្រដាងកម្មវិធីមួយ ដែលខ្លួនបាននាំកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់រុស្ស៊ីនោះទេ ប៉ុន្តែបានបង្ហាញថា វាជាយុទ្ធនាការមនុស្សធម៌ដើម្បីការពារកុមារកំព្រា និង កុមារដែលត្រូវបានបោះបង់ចោលនៅក្នុងតំបន់ជម្លោះ។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា «វិធានការនេះនឹងនាំទៅរក ការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ។ ការនិរទេសនេះគឺស្មើនឹងគោលនយោបាយនៃ អំពើអាក្រក់របស់រដ្ឋមួយ ដែលចាប់ផ្តើមយ៉ាងជាក់លាក់ជាមួយមន្ត្រីកំពូលនៃរដ្ឋនេះ»។ការ​ប្រកាស​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ខឹងសម្បា​ពីរដ្ឋាភិបាល​ក្រុងមូស្គូ។ 

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា «រុស្ស៊ីយល់ឃើញថាសំណួរដែលចោទឡើងដោយតុលាការ ICC គឺ គួរឱ្យភ្ញាក់ផ្អើលនិងមិនអាចទទួលយកបាន ហើយថាការសម្រេចចិត្តណាមួយរបស់តុលាការនេះគឺ ទុកជាមោឃៈ ទាក់ទងនឹងរុស្ស៊ី។ រុស្ស៊ី ដូចសហរដ្ឋអាមេរិកនិងចិនដែរ មិនមែនជាសមាជិកនៃ ICC ទេ»។

លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភា ជាសម្ពន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីពូទីនបាននិយាយនៅលើ Telegram ថា «អាមេរិកអើយ សូមដកដៃចេញពីពូទីន!»។ លោកបាននិយាយថា «យើងចាត់ទុកការវាយប្រហារណាមួយលើប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីថាជាការឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើង»។

ចំណែកសហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​គ្មាន​ការ​សង្ស័យ​ទេ​ដែល​រុស្ស៊ី​កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន។តុលាការក៏បានចេញដីកាចាប់ខ្លួនលោកស្រី ម៉ារៀ ឡូវ៉ា បេឡូវ៉ា (Maria Lvova-Belova) ស្នងការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ីផងដែរ លើការចោទប្រកាន់ដូចគ្នា។

លោកពូទីន ឡឺជា​ប្រធានាធិបតី​ទី​បី​ ដែល​ត្រូវ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ដោយតុលាការ ICC ទំនង​ជា​មិន​ត្រូវ​ឡើងតុលាការ​ឆាប់ៗនោះ​ទេ។ ប៉ុន្តែ​ដីកា​នេះមាន​ន័យ​ថា គាត់​អាច​ត្រូវ​បាន​ចាប់​ខ្លួន និង​ បញ្ជូន​ទៅ​ទីក្រុង​ឡាអេ ប្រសិនបើ​គាត់​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​សមាជិក ICC ណា​មួយ។

ឯលោក ស្តេហ្វេន រ៉ាប (Stephen Rapp) អតីតឯកអគ្គរដ្ឋទូតអាមេរិកទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាម បាននិយាយថា«នេះធ្វើឱ្យលោកពូទីនក្លាយជាមនុស្សឯកោ។ ប្រសិនបើគាត់ធ្វើដំណើរ គាត់ប្រថុយនឹងការចាប់ខ្លួន។ រឿងនេះនឹងមិនបាត់ទៅណាឡើយ។ រុស្ស៊ីមិនអាចទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម  ដោយមិនគោរពតាមដីកានោះឡើយ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *