ប៉ូលិសប៉ាគីស្ថាន ប្តឹងអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ ចោទពីបទភេរវកម្ម

បរទេស ៖ ប៉ូលិសនៅក្នុងរដ្ឋធានីប៉ាគីស្ថាន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ (Imran Khan) ជំនួយការរបស់គាត់ចំនួន ១៧ នាក់ និងអ្នកគាំទ្រជាច្រើននាក់ ដោយចោទប្រកាន់ពួកគេពីបទ«ភេរវកម្មនិងបទល្មើសជាច្រើនផ្សេងទៀត»កាលពីថ្ងៃអាទិត្យទី១៩មីនា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកគាំទ្ររបស់នាយករដ្ឋមន្ត្រីដែលគេបណ្តេញចេញពីតំណែងរូបនេះ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខក្នុងទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃសៅរ៍កន្លងទៅ ។

កាលពីថ្ងៃសៅរ៍ អ្នកគាំទ្ររបស់លោកខាន់ បានប៉ះទង្គិចជាមួយប៉ូលិសនៅខាងក្រៅតុលាការ អស់ជាច្រើនម៉ោងកន្លែងដែលអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបង្ហាញខ្លួនក្នុងសំណុំរឿងពុករលួយ។ ប៉ូលិស​ប្រឆាំងកុបកម្ម​ បានប្រើ​ដំបងវាយនិង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ខណៈ​ក្រុម​អ្នក​គាំទ្រ​របស់លោកខាន់បាន​គប់​គ្រាប់​បែក​ភ្លើងនិង​គប់​ដុំ​ថ្ម​មក​លើ​មន្ត្រីប៉ូលិស។

ចំណែកប៉ូលិសជាង​៥០​នាក់​បាន​រង​របួស ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយរបស់​ប៉ូលិស រថយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង​ត្រូវ​បានដុតឆេះ​។ ប៉ូលិសបាននិយាយថា «អ្នកគាំទ្ររបស់លោកខាន់ចំនួន ៥៩ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងអំពើហិង្សា»។

លោកអ៊ីមរ៉ាន់ ខាន់ ពិតជាមិនដែលបានបង្ហាញខ្លួននៅក្នុងតុលាការដើម្បីប្រឈមមុខនឹងការចោទប្រកាន់ថា«គាត់បានលក់អំណោយរបស់រដ្ឋដែលទទួលបានក្នុងពេលកំពុងកាន់តំណែង និង បានលាក់បាំងទ្រព្យសម្បត្តិជាច្រើន»។

ពាក្យបណ្តឹងនានា ប្តឹងពីលោក ខាន់ ដែលបានដាក់កាលពីថ្ងៃអាទិត្យ ក៏បាន​ចោទ​ប្រកាន់​សមាជិក​សភាអតីតនិង​បច្ចុប្បន្ន អតីត​រដ្ឋមន្ត្រី អតីត​ប្រធាន​រដ្ឋសភា និង​អ្នកគាំទ្រ​លោកខាន់មួយ​ចំនួន​ផង​ដែរ។ បទ​ចោទ​ទាំង​នោះ​រួម​មាន អំពើ​ភេរវកម្ម ការ​រារាំង​មន្ត្រី​ប៉ូលិស​ក្នុង​ការ​បំពេញ​ភារកិច្ច ការ​វាយ​ប្រហារ​លើ​ប៉ូលិស ការ​បង្ក​របួស​ស្នាម និង​ការគំរាម​កំហែង​ដល់​អាយុ​ជីវិត។

ចុងក្រោយបំផុត គឺពាក់ព័ន្ធនឹងការកើនឡើងអំពើហិង្សាជុំវិញលោកខាន់អាយុ៧០ឆ្នាំ ដែលត្រូវបានបណ្តេញចេញពីតំណែងក្នុងការបោះឆ្នោតសម្តែងការមិនទុកចិត្តនៅក្នុងសភាកាលពីខែមេសាឆ្នាំមុន។ 

ចាប់តាំងពីពេលនោះមក អតីតតារាកីឡាគ្រីឃីត ប្រែមកជាអ្នកនយោបាយអ៊ីស្លាមរូបនេះ បានអះអាងដោយគ្មានភស្តុតាងថា ការបណ្តេញគាត់គឺខុសច្បាប់និងមានការឃុបឃិតពីសំណាក់អ្នកស្នងតំណែងដឹកនាំរដ្ឋាភិបាលរបស់គាត់គឺលោក សាបាស សារីហ្វ (Shahbaz Sharif) និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ទាំងលោកសារីហ្វនិងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *