បើកទន្ទឹមគ្នាសុខៗ ស្រាប់តែរថយន្តបត់កាត់មុខ រថយន្តឡង់គ្រីស័រជាន់ហ្រ្វាំងអត់ទាន់ បុកពេញទំហឹង

ភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាឡង់គ្រីស័រ១គ្រឿង បានបើកបរទន្ទឹមគ្នា ជាមួយរថយន្តកូរ៉េដឹកសម្ភារៈសំណង់ បើកលឿនសុខៗ ស្រាប់តែរថយន្តកូរ៉េនោះ បានបត់ស្ដាំកាត់មុខទាំងបំពាន ជាហេតុធ្វើឲ្យរថយន្តឡង់គ្រីស័រ គេចអត់ទាន់ ក៏ជ្រុលទៅបុកពេញទំហឹង។ បណ្ដាលឲ្យ រងការខូចខាតខ្ទេចមុខ និងខ្ទេចម៉ាសុីន ចំណែករថយន្តកូរ៉េរងការខូចខាតបន្តិចបន្តួច ហើយបានបើកចូលទៅក្នុងឃ្លាំងបិទទ្វារជិត។

ឧបទ្ទវហ តុនេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េចំណុះ២តោនកន្លះ ដឹកគ្រឿងសំណង់ បើកតាមគន្លងផ្លូវខាងឆ្វេង ដោយឡែករថយន្តឡង់គ្រីស័រ GXR-V6 ពណ៌ស បើកតាមគន្លងផ្លូវខាងស្ដាំទន្ទឹមគ្នា ក្នុងទិសដៅពីជើងទៅត្បូងស្របគ្នា លុះពេលទៅដល់ ត្រង់ចំណុចកើតហេតុ រថយន្តកូរ៉េបានបត់ស្ដាំទាំងបំពាន ដែលជាហេតុធ្វើឲ្យរថយន្តឡង់គ្រីស័រ ជាន់ហ្រ្វាំងឈប់អត់ទាន់ ក៏បុករថយន្តកូរ៉េនោះពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ខ្ទេចមុខខ្ទេចម៉ាសុីន។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ចំណែករថយន្តកូរ៉េ រងការខូចខាតបន្តិចបន្តួច ហើយបានបើករត់ចូល ទៅក្នុងឃ្លាំងស្តុកនិង លក់គ្រឿងសំណង់ នៅជិតនោះ រួចម្ចាស់ឃ្លាំងបានបិទទ្វារឃ្លាំងជិតឈឹង ក្នុងបំណងគេចវេសមិនចង់ដោះស្រាយឡើយ ប៉ុន្តែក្រោយមកដោយមានការអន្តរាគមន៍ ពីកម្លាំងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ទើបម្ចាស់ឃ្លាំងព្រមបើកទ្វារឃ្លាំង ឲ្យភាគីម្ចាស់រថយន្តទាំង២ ធ្វើការសម្របសម្រួលគ្នា ប៉ុន្តែអត់ដឹងថាលទ្ធផល នៃការសម្របសម្រួលគ្នា នោះបែបណាឡើយ៕ ដោយ សំណាង96

Leave a Reply

Your email address will not be published. Required fields are marked *