លោកស្រីប្រេសិតពិសេសអ.ស.ប ប្រចាំមីយ៉ាន់ម៉ា នឹងចុះចេញពីតំណែង

បរទេស ៖ អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ(អ.ស.ប)បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ថា បេសកជនពិសេសអ.ស.បសម្រាប់មីយ៉ាន់ម៉ានឹងចុះចេញពីតំណែងក្នុងខែមិថុនានេះ បន្ទាប់ពីកាន់តំណែងនេះបាន ១៨ ខែ ដែលក្នុងនោះលោកស្រី ត្រូវបានរិះគន់ដោយរបបយោធានិងគូប្រជែងរបស់យោធា។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយបញ្ចប់ការពិសោធន៍លទ្ធិប្រជាធិបតេយ្យ រយៈពេលខ្លី និងបង្កឱ្យមានការប៉ះទង្គិចជាមួយក្រុមឧទ្ទាមជនជាតិភាគតិចនិងក្រុមអ្នកប្រយុទ្ធនានា ដែលប្រឆាំងនឹងរដ្ឋប្រហារ។

ដោយកិច្ចខិតខំប្រឹងប្រែងការទូត ដែលដឹកនាំដោយអ.ស.បនិងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីដោះស្រាយវិបត្តិនេះ រហូតមកទល់ពេលនេះ គឺបរាជ័យមិនអាចទប់ស្កាត់ការបង្ហូរឈាម ដែលបង្កឡើងដោយរដ្ឋប្រហារនោះបានទេ។

លោក ស្តេហ្វេន ឌួចារិក (Stephane Dujarric) បាននិយាយថា លោកស្រី ណូលីន ហេយើ (Noeleen Heyzer) ដែលត្រូវបានតែងតាំងជាបេសកជនដោយអគ្គលេខាធិការអ.ស.បលោក អង់តូនីញ៉ូ​ គូថេរ៉េស ក្នុងខែតុលា ឆ្នាំ ២០២១«នឹងបញ្ចប់ការចាត់តាំងរបស់លោកស្រីនៅថ្ងៃទី ១២ ខែមិថុនា នៅពេលដែលកិច្ចសន្យារបស់លោកស្រីបានបញ្ចប់»។

អ្នកនាំពាក្យរូបនេះ បន្តថា «សូមថ្លែងអំណរគុណចំពោះលោកស្រីហេយើ សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកស្រីក្នុងនាមសន្តិភាពនិងប្រជាជនមីយ៉ាន់ម៉ា ហើយបេសកជនថ្មីនឹងត្រូវតែងតាំង»។

លោកស្រីហេយើ ជាអ្នកសង្គមវិទូជនជាតិសិង្ហបុរី មានភារកិច្ចជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចសន្ទនានយោបាយជាមួយគូប្រជែងរបស់ខ្លួន និងបញ្ចប់ការបង្ក្រាបដ៏បង្ហូរឈាម ដែលខ្លួនបានចាប់ផ្តើម បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី។

លោកស្រីបានបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីខែសីហាឆ្នាំមុន ហើយបានជួបជាមួយប្រមុខរបបយោធាលោក មីន អ៊ុងហ្លាំង និងមន្ត្រីយោធាកំពូលផ្សេងទៀត ក្នុងចំណាត់ការមួយដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សថា«ជាការផ្តល់ភាពស្របច្បាប់ដល់ឧត្តមសេនីយ៍»។

ប៉ុន្តែលោកស្រីត្រូវបានបដិសេធ មិនឱ្យជួបជាមួយមេដឹកនាំលទ្ធិប្រជាធិបតេយ្យដែលកំពុងជាប់ឃុំ លោកស្រី អ៊ុងសាន ស៊ូជី នោះទេ ហើយក្រោយមកបានធ្វើឱ្យក្រុមមន្ត្រីរបបយោធាខឹងសម្បា ដែលបានចោទលោកស្រីថាចេញ«សេចក្តីថ្លែងការណ៍តែម្ខាង ពីអ្វីដែលបានពិភាក្សា»។

ក្រោយ​មក​លោកស្រី​បាន​ប្តេជ្ញា​ថា​ នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះម្តង​ទៀត​ទេ លុះត្រា​តែ​លោកស្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​លោកស្រី​ស៊ូជី ដែល​ចាប់​តាំង​ពី​នោះ​មក​ត្រូវ​បាន​តុលាការ​របប​យោធា​​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប ៣៣ ឆ្នាំ ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *