រថភ្លើងបុកគ្នា បាត់បង់ជីវិតជាង២០០នាក់ របួសជិត១០០០នាក់ នៅឥណ្ឌា

ឥណ្ឌា ៖ មានមនុស្សប្រមាណ ២០៧ នាក់បានបាត់បង់ជីវិត និង ៩០០ នាក់រងរបួស ដោយធ្វើឱ្យវាក្លាយជាគ្រោះថ្នាក់រថភ្លើង ដ៏ប្រល័យបំផុតនៅលើពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងតស៊ូជួយសង្គ្រោះអ្នកនៅរស់ដែលជាប់នៅក្រោមកម្ទេចកម្ទីរថភ្លើង ។

រថភ្លើងដឹកអ្នកដំណើរពីរគ្រឿង បានបុកគ្នានៅក្នុងទីក្រុងបាឡាសូរ៉េ (Balasore) រដ្ឋអូឌីសា (Odisha) ភាគខាងកើតប្រទេសឥណ្ឌា កាលពីយប់ ថ្ងៃសុក្រទី២មិថុនាឆ្នាំ២០២៣ ដោយមានក្រុមអ្នកជួយសង្គ្រោះកំពុងអន្ទះអន្ទែងស្វែងរកអ្នកផ្សេងទៀត ដែលបារម្ភជាប់នៅក្រោមទូរថភ្លើងដែលក្រឡាប់ខុសផ្លូវ ។

លោក ប្រាឌីប ជេណា (Pradeep Jena) អភិបាលរដ្ឋ បាននិយាយនៅក្នុង Twitter ថា ចំនួនអ្នកបាត់បង់ជីវិត រំពឹងកើនឡើង ដោយលោក ស៊ូដហានស៊ូ សារ៉ានជី (Sudhanshu Sarangi) អគ្គនាយកនៃនាយកដ្ឋានពន្លត់អគ្គិភ័យនៅរដ្ឋអូឌីសាបានបន្ថែមថា «សាកសពចំនួន ២០៧ នាក់ត្រូវបានរកឃើញរហូតមកទល់ពេលនេះ។ ឧបទ្ទវហេតុដ៏សោកសៅបំផុតនេះនិងការប៉ាន់ប្រមាណលទ្ធផលគឺមិនល្អទេ»។

បើតាមវីដេអូ ដែលបានចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញការមកដល់នៃរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងហើយមនុស្សត្រូវបានទាញចេញពីទូរថភ្លើងដែលក្រឡាប់។

ចំណែកសាក្សីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា «ខ្ញុំបាននៅទីនោះត្រង់កន្លែងនោះ ហើយខ្ញុំអាចមើលឃើញឈាម ដៃជើងបាក់ និង មនុស្សស្លាប់នៅជុំវិញខ្ញុំ»។ ឯយុវជនរាប់រយនាក់បានតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងទីក្រុងសូរ៉ូ (Soro) នៃរដ្ឋអូឌីសាដើម្បីបរិច្ចាគឈាម។

លោក អាស្វីនី វ៉ាអ៊ីសណាវ (Ashwini Vaishnaw) រដ្ឋមន្ត្រីសហព័ន្ធផ្នែកផ្លូវដែកបាននិយាយនៅក្នុង Twitter កាលពីយប់ថ្ងៃសុក្រថា «ក្រុមជួយសង្គ្រោះត្រូវបានប្រមូលផ្តុំពីទីក្រុងប៊ូបាណេស្វា (Bhubaneswar) ក្នុងរដ្ឋអូឌីសានិងក្រុងកុលកាតា (Kolkata) ក្នុងវេសបេងហ្គាល់ (West Bengal)»។

ក្រុមមន្ត្រីផ្លូវដែកបាននិយាយថា ការបុកគ្នាបានកើតឡើងនៅម៉ោងប្រហែល ៧ យប់ ម៉ោងក្នុងស្រុក នៅពេលដែលរថភ្លើង Howrah Superfast Express ដែលរត់ពីទីក្រុងបានហ្គាឡ័រ (Bangalore) ទៅទីក្រុងហាវរ៉ា (Howrah) រដ្ឋវេសបេងហ្គាល់ បើកធ្លាក់ផ្លូវ ហើយបុកជាមួយរថភ្លើង Coromandel Express ដែលរត់ពីទីក្រុងកុលកាតាទៅទីក្រុងឈិនណៃ (Chennai)។

លោក ណាវីន ផាត់ណាអ៊ីក (Naveen Patnaik) អភិបាលរដ្ឋអូឌីសា បាននិយាយថា អាទិភាពរបស់អាជ្ញាធរគឺ «យកអ្នកនៅរស់ទៅមន្ទីរពេទ្យ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *