ប៉ូលិស ត្រូវបានបក្សប្រឆាំងសេណេហ្គាល់ រិះគន់ខ្លាំងៗ បន្ទាប់ពីធ្វើឱ្យបាតុករ ១៦ នាក់ បាត់បង់ជីវិត

បរទេស ៖ ក្រុមអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំង របស់សេណេហ្គាល់លោក អ៊ូស្មាណេ សុនកូ (Ousmane Sonko) បានថ្កោលទោសទង្វើរបស់ប៉ូលិស កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប៉ះទង្គិចគ្នាជុំវិញការកាត់ទោសគាត់ ពីសំណាក់តុលាការនាពេលថ្មីៗនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១៦ នាក់បាត់បង់ជីវិត និង បាតុករជាង ៣៥០ នាក់របួស។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលលោកសុនកូ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនៅក្នុងករណីមួយ ដែលគាត់និយាយថា«ត្រូវបានគេរៀបចំឡើងដើម្បីបញ្ឈប់គាត់មិនឱ្យឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយ»។

កាកបាទក្រហមសេណេហ្គាល់ បាននិយាយថា ខ្លួនបានជួយបាតុករ ៣៥៧ នាក់ដែលរងរបួស រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ ក៏ដូចជាសមាជិកកងកម្លាំងការពារនិងសន្តិសុខចំនួន ៣៦ នាក់ ដែលរងរបួសចាប់តាំងពីចលាចលបានផ្ទុះឡើង ។សរុបមក អ្នក​រង​របួស​ធ្ងន់​ចំនួន៧៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព។

ចំណែកអ្នកគាំទ្រលោកសុនកូនិងប្រធានាធិបតីម៉ាកគី សាល (Macky Sall) បានបន្ទោសគ្នាចំពោះទង្វើរបស់ប៉ូលិសនិងការស្លាប់ខាងលើនេះ។ កាលពីថ្ងៃអាទិត្យ គណបក្ស PASTEF-Patriots របស់លោកសុនកូ បានថ្កោលទោស«ការគាបសង្កត់បែបឃាតកម្មពីសំណាក់កងកម្លាំងការពារជាតិនិងសន្តិសុខ»ដោយចោទប្រកាន់រដ្ឋាភិបាលថាបានដាក់ពង្រាយ កងជីវពលឯកជន។

ចំណែកបក្សនេះបានជំរុញមនុស្សឱ្យ ការពារខ្លួនតាមគ្រប់មធ្យោបាយដែលពួកគេអាចធ្វើបាននិងវាយបកវិញ ហើយចំនួនអ្នកបាត់បង់ជីវិតជាផ្លូវការគឺ ១៦ នាក់ ប៉ុន្តែបក្ស PASTEF-Patriots ថា បាតុករ ១៩ នាក់បានបាត់បង់ជីវិត។ ឯរដ្ឋាភិបាលបានចោទប្រកាន់អ្នកគាំទ្ររបស់លោកសុនកូពីបទ «ប្រព្រឹត្តការបំផ្លិចបំផ្លាញនិងចោរកម្ម»។

រដ្ឋាភិបាលបានរឹតបន្តឹងការចូលប្រើបណ្តាញសង្គម ហើយកាលពីថ្ងៃអាទិត្យបានសម្រេចចិត្ត កាត់ផ្តាច់ជាបណ្តោះអាសន្ននូវអ៊ីនធឺណិតនៅលើទូរសព្ទ ដោយនិយាយថា «សារសម្អប់និងវិទ្ធង្សនាកំពុងត្រូវបានចែកចាយ»។

ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​ មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​ភាព​តានតឹង​និង​ការ​ចាប់​ខ្លួន។ កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អង់ទាន់ ដូម (Antionie Diome) បាននិយាយថា «មនុស្សប្រហែល ៥០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃព្រហស្បតិ៍»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *