សង្គ្រាមបានបំផ្លាញទំនប់ទឹកដ៏ធំឱ្យបាក់ បណ្តាលឱ្យអ្នកស្រុកឃើសុន រត់គេចពីគ្រាប់ផ្លោងផង និង ជំនន់ផង

បរទេស ៖ អ្នកស្រុកនៅក្រុងឃើសុន (Kherson) របស់ប្រទេសអ៊ុយក្រែន បានជម្លៀសចេញពីផ្ទះរបស់ពួកគេ ក្រោមការបាញ់ផ្លោងកាំភ្លើងធំកាលពីថ្ងៃអង្គារ បន្ទាប់ពីផ្ទះសម្បែងបានជន់លិច ដោយការបាក់ទំនប់ទឹកដ៏ធំ ក្នុងគ្រោះមហន្តរាយមួយ ដែលរដ្ឋាភិបាលក្រុងគៀវ និង ក្រុងមូស្គូស្តីបន្ទោសគ្នាទៅវិញទៅមក។

ពលរដ្ឋនៅតំបន់នោះមួយ​ចំនួន​បាន​ស្រែក​យំ ខណៈ​ពួក​គេ​លើកអីវ៉ាន់ដាក់​ចូល​ក្នុង​រថយន្ត។ អ្នក​ឧតុនិយម​ម្នាក់​ ដែល​វាស់​កម្ពស់​ទឹក​ទន្លេ​នៅ​កន្លែង​កើត​ហេតុ ​បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «ទឹក​មាន​កម្ពស់ខ្ពស់​ជាង​កាល​ពី​ថ្ងៃ​ចន្ទ ៣,៥ ម៉ែត្រ មុន​ពេលទំនប់​ត្រូវ​បាន​បំផ្លាញដោយសង្គ្រាម»។

ទីក្រុងឃើសុននៅច្រាំងទន្លេឌីនីប្រូ (Dnipro) ដ៏ធំរបស់អ៊ុយក្រែន គឺស្ថិតនៅទល់មុខ នឹងច្រាំងខាងកើត ដែលគ្រប់គ្រងដោយរុស្ស៊ី។ នៅខាងលើប្រហែល ៦០ គីឡូម៉ែត្រគឺមានទំនប់ទឹក ណូវ៉ា កាខូវកា (Nova Kakhovka) ជាសំណង់ប្រវែង ៣,២ គីឡូម៉ែត្រជំនាន់ទសវត្សរ៍ ១៩៥០ ដែលរដ្ឋាភិបាលក្រុងគៀវចោទប្រកាន់រុស្ស៊ីថា«បានបំផ្ទុះក្នុងអំពើភេរវកម្ម»។

ចំណែកវិមានក្រឹមឡាំងបានស្តីបន្ទោសអ៊ុយក្រែន ដោយនិយាយថា ពួកគេកំពុងព្យាយាមបង្វែរការចាប់អារម្មណ៍ពីការចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំ ដែលរដ្ឋាភិបាលក្រុងមូស្គូនិយាយថា «កំពុងបរាជ័យ»។មន្ត្រីបន្តុប​ដោយ​រុស្ស៊ី​មួយ​ចំនួន​បាន​និយាយ​ថា ​«ទំនប់​នេះ​បាន​បាក់​ដោយ​ខ្លួន​ឯង»។

លោកឈ្មោះ មីកូឡា (Mykola) អាយុ ៧៣ ឆ្នាំ ជានិវត្តជន បានដើរតាមផ្លូវឆ្ពោះទៅកាន់ដីស្ងួតដោយលុយទឹកលិចដល់ស្មា ហើយកាន់ទ្រព្យរបស់មួយចំនួនដែលគាត់អាចសង្គ្រោះបាន។ គាត់​បាន​និយាយ​ថា «ទឹក​នៅ​ក្នុង​ផ្ទះ​ល្វែង​របស់​គាត់​បាន​ឡើង​ដល់​ទ្រូង​គាត់។ ប៉ុន្មាននាទីក្រោយមក សំឡេងកាំភ្លើងធំបានធ្វើឱ្យមនុស្សផ្អើលរកកន្លែងជ្រក»។ទីជម្រកមិនអាចរកឃើញស្រួលៗទេ ដោយសារទឹកឡើងយ៉ាងស្ងៀមស្ងាត់និងខ្ពស់ទៅៗនៅតាមដងផ្លូវរបស់ក្រុងឃើសុន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថា «មុននេះរុស្ស៊ីបានបាញ់ផ្លោងនៅតំបន់ដែលមនុស្សកំពុងជម្លៀសខ្លួនហើយមន្ត្រីប៉ូលិសពីរនាក់បានរងរបួស»។ទីក្រុងឃើសុន ដែលមានប្រជាជនមុនសង្គ្រាមជិត ៣០០.០០០ នាក់ ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីអស់រយៈពេលប្រាំបីខែ បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន។

ចាប់តាំងពីវាត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលក្រុងគៀវវិញកាលពីខែវិច្ឆិកាឆ្នាំមុន ក្រុងឃើសុន បានជួបប្រទះការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងរុស្ស៊ីឆ្លងទន្លេឌីនីប្រូ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *