ជនសង្ស័យ៣នាក់ ឆក់ទូរសព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម តែរត់មិនរួច

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានី បញ្ជូនឡើងតុលាការ នាព្រឹកថ្ងៃទី៨មិថុនាឆ្នាំ២០២៣នេះ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីជនបរទេសម្នាក់ ត្រង់ចំណុច ផ្លូវលេខ១៥៤កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោងប្រមាណ ០៧ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ។

មន្ត្រីអាវុធហត្ថនិយាយថា ជនរងគ្រោះ ជាបុរសជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ដើរមកជិតហើយធ្វើសកម្មភាពឆក់យកទូរសព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់(ប្រុស០១ស្រី០១) ជិះគេចខ្លួនតែម្តង ។ តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញក៏បានធ្វើការប្រដេញរហូតដល់ចំណុចផ្លូវលេខ២២២កែងផ្លូវលេខ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។ 

មន្ត្រីដដែលបន្តថា ជនសង្ស័យទាំង០៣នាក់រួមមាន ១-ឈ្មោះ សាន រីដា ហៅដឺ ភេទប្រុស អាយុ២២ឆ្នាំ, ២-ឈ្មោះទក ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ, ៣-ឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ សាន រីដា ហៅដឺ បានសារភាពថា «ខ្លួនគេពិតជាបានធ្វើ សកម្មភាពឆក់ទូរសព្ទដៃពី ជនរងគ្រោះជាបរទេស ដែលកំពុងដើរលើចិញ្ចើមពិតមែន ដោយខ្លួនបានប្រើប្រាស់ថ្នាំញៀនអស់រយៈពេល០៥ឆ្នាំមកហើយ»។ រីឯជនសង្ស័យឈ្មោះ ទក ពិសិដ្ឋ បានសារភាពថា «កន្លងមកខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០៥ឆ្នាំ ពីបទវាយប្លន់ជនបរទេស»។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រគល់ឲ្យជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី៨មិថុនានេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *