យុវជនម្នាក់ព្យាយាមបញ្ចប់ជីវិត ដោយលោតពីលើ ភ្នំបូកគោ តែត្រូវបានសង្គ្រោះមកវិញ

កំពត ៖ យុវជនម្នាក់បានលោតពីលើភ្នំបូកគោ ដើម្បីបញ្ចប់ជីវិត តែត្រូវសមត្ថកិច្ចជួយសង្គ្រោះមកវិញដោយសារទើរជាប់លើមែកឈើជម្រៅ៥០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោងប្រមាណជិត៨យប់ ថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២៣ ស្ថិតនៅក្រោយវត្តសំពៅ៥ ក្នុងដែនឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត ។

សមត្ថកិច្ចនិយាយថា កាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នគរបាលក្រុងបូកគោ បានទទួលការស្នើសុំកិច្ចអន្តរាគមន៍របស់បុរសឈ្មោះ រឹម បុល មកពីភូមិតាប្រឹម ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ពាក់ព័ន្ធនឹងការបាត់កូនប្រុសឈ្មោះ ចិន សុបិន អាយុ ២៣ឆ្នាំដែលបានមកលេងនៅភ្នំបូកគោ។ 

សមត្ថកិច្ចបន្តថា ដោយមិនបង្អន់យូរ កម្លាំងអធិការដ្ឋានក្រុងបូកគោសហការជាមួយមន្ត្រីកងរាជអាវុធហត្ថ និង សន្តិសុខក្រុមហ៊ុនសុខាអូតែលបានស្វែងរកគ្រប់ទីតាំងដែលមានការសង្ស័យ។ លុះដល់ម៉ោង១០ និង៥០នាទីយប់ ក្រុមការងារក៏បានប្រទះឃើញយុវជនរូបនោះជាប់ទើរនៅលើមែកឈើ ក្នុងជ្រលងភ្នំក្រោយវត្តសំពៅ៥ ជម្រៅប្រហែល៥០ម៉ែត្រ,ភ្លាមៗ កម្លាំងសមត្ថកិច្ចក៏បានជួយសង្គ្រោះ និង នាំឡើងមកលើវិញដោយសុវត្ថិភាព។ 

ក្រោយសាកសួរទើបដឹងថា ករណីនេះមិនជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយ គឺយុវជនរូបនោះបានលោតសម្លាប់ខ្លួនព្រោះតែមានជំងឺរលាកស្រោមខួរក្បាល។ បន្ទាប់មក សមត្ថកិច្ចក៏ប្រគល់ឈ្មោះ ចិន សុបិន ឱ្យក្រុមគ្រួសារនាំយកទៅលំនៅស្ថាននាខេត្តតាកែវវិញ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *