លោកយាយអាយុ៩០ឆ្នាំ បានធ្វើលិខិតបដិសេធ ចំពោះការបំភ្លឺរបស់រដ្ឋបាលស្រុកកៀនស្វាយ

កណ្តាល ៖ រដ្ឋបាលស្រុកកៀនស្វាយ បានចេញសេចក្ដីបំភ្លឺនិងបានធ្វើរបាយការណ៍ជូនឯកឧត្តមអភិបាលខេត្តកណ្តាល លើករណីលោកយាយម្នាក់អាយុ៩០ឆ្នាំ ដែលបានដាក់ពាក្យបណ្ដឹងអន្ដរាគមន៍ទៅកាន់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយអះអាងថា «ដីរបស់លោកយាយត្រូវបានកូន និងចៅ រួមគំនិតគ្នាលួចធ្វើប្លង់រឹង ហើយបណ្ដេញលោកយាយចេញពីផ្ទះថែមទៀតផង»។ 

ជុំវិញរបាយការណ៍របស់រដ្ឋបាលស្រុកកៀនស្វាយ លោកយាយអាយុ៩០ឆ្នាំ រស់នៅភូមិ-ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើលិខិតបដិសេធ ចំពោះការបំភ្លឺរបស់រដ្ឋបាលស្រុកកៀនស្វាយ ដែលBBN​ ទេីបនឹងទទួលបាន​នាថ្ងៃទី៨មិថុនានេះ។ 

រដ្ឋបាលស្រុកកៀនស្វាយ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម អាជ្ញាធរស្រុក និងអាជ្ញាធរឃុំឈើទាល បានចុះទៅសាកសួរផ្ទាល់ដល់ផ្ទះលោកយាយ​ ដួង មឿន ដែលជាអ្នកស្នាក់នៅផ្ទះកូនស្រីឈ្មោះ តី នឿន គឺមិនមានការលួចដី និងបណ្ដេញចេញពីផ្ទះ ដូចលោកយាយបានបញ្ជាក់នោះទេ។

គួរជម្រាបថា ការចេញមកបំភ្លឺនេះ បន្ទាប់ពីលោកយាយម្នាក់អាយុ៩០ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះ ដូង មឿន បានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីកូន និង ចៅនាំគ្នាលួចធ្វើប្លង់ដីធ្លីហើយបង្ខំឱ្យលោកយាយរុះរើផ្ទះចេញពីលើដីទំហំ ១០ម៉ែត្រ គុណ១១០ម៉ែត្រថែមទៀត។

ចំណែករដ្ឋបាលស្រុកកៀនស្វាយ បានបញ្ជាក់ក្នុងរបាយការណ៍ថា «លោកយាយដូង មឿន ដែលជាអ្នកស្នាក់នៅផ្ទះកូនស្រីឈ្មោះតី នឿន គឺមិនមានការលួចដី និង បណ្តេញចេញពីផ្ទះ ដូចលោកយាយបានបញ្ជាក់នោះទេ»។

បន្ទាបមកនៅថ្ងៃទី៦មិថុនាឆ្នាំ២០២៣ លោកយាយដូង មឿន បានធ្វើលិខិតបដិសេធ ចំពោះការបំភ្លឺរបស់រដ្ឋបាលស្រុកកៀនស្វាយ ចុះថ្ងៃទី២មិថុនាឆ្នាំ២០២៣ ថា«ផ្ទុយពីការពិត ដោយពុំបានស្រាវជ្រាវឯកសារនានា ពីប្រវត្តិនៃការកាន់កាប់ដីធ្លីស្របច្បាប់ របស់ខ្ញុំ ដែលបានទទួលពីរដ្ឋអំណាចតែម្នាក់ឯង គឺពុំមែនអំណោយដីរួមជាមួយឈ្មោះតីណែមនោះទេ»។

តាមរយៈលិខិតនេះ លោកយាយ ដូង មឿន បានស្នើសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្ដាជួយរកយុត្តិធម៌ដើម្បីឱ្យលោកយាយទទួលបានសិទ្ធិកាន់កាប់ដីនោះទាំងស្រុងត្រឡប់មកវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *