កម្មករ៣៩នាក់ឃាត់ឡាន មិនឱ្យដឹកទំនិញចេញ ,កម្មករច្រើននាក់ ប្តឹងឱ្យបើកផ្លូវ ព្រោះភ័យខ្លាចរោងចក្របិទ ប៉ះពាល់ជីវភាព

កណ្ដាល ៖ កម្មករ កម្មការិនីរោង ចក្រតម្បាញស្យុង យិន (ខេមបូឌា)ប៊ី ថិកស្ថាយ៍ មួយក្រុម៣៩នាក់បាននាំគ្នា ឃាត់ឡាន មិនឱ្យដឹកទំនិញ ចេញពីរោងចក្រ ក្នុងគោលបំណង ទាមទារ ឱ្យលោកថៅកែរោងចក្រ បើកប្រាក់ខែមករាឆ្នាំ២០២០ និងទាមទារឱ្យលោកថៅកែ អនុញ្ញាតឱ្យកម្មករមួយចំនួន បានចូលធ្វើការវិញ ក្រោយពីបានបញ្ឈប់ជាបន្តបន្ទាប់។ ការឃាត់ឡានដឹកទំនិញខាងលើ បានធ្វើឱ្យកម្មករ កម្មការិនី ក្រុមហ៊ុនមួយទៀត ដែលមានអគារនៅខាងក្នុង ប្តឹងសុំឱ្យលោកអភិបាល ជួយពន្លឿនការដោះស្រាយ ភ័យខ្លាចរោងចក្របិទ ធ្វើឱ្យពួកគាត់បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល គ្មានប្រាក់ចិញ្ចឹមជីវភាព ។ 

លោកសំរ៉ុង បូរី លេខាធិការសហជីព ប្រជាធិបតេយ្យកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ប្រចាំក្រុមហ៊ុនស្យុង យិន(ខេមបូឌា)ប៊ី ថិកស្ថាយ៍បានឱ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៦មីនានេះថា ក្រុមកម្មករមួយចំនួន មិនបានធ្វើកូដកម្មនោះទេ ប៉ុន្តែបានកាក់ឃាត់ឡានរោងចក្រ មិនឱ្យដឹកទំនិញចេញ ក្នុងគោលបំណងសំខាន់២ គឺទី១-សុំលោកថៅកែរោងចក្រ បើកប្រាក់ខែមករា ឆ្នាំ២០២០ និង២-ទាមទារឱ្យលោកថៅកែ អនុញ្ញាតឱ្យកម្មករមួយចំនួន បានចូលធ្វើការវិញ ក្រោយពីបានបញ្ឈប់ ជាបន្តបន្ទាប់។

លោក សំរ៉ុង បូរី បន្តថា ក្រុមកម្មករបានទាមទារតាំងពីពាក់កណ្តាល ខែកុម្ភៈមកម្ល៉េះ ហើយក៏មានតំណាងមន្ត្រីក្រសួងការងារ និងមន្ត្រីមន្ទីរការងារខេត្ត ចុះមកដោះស្រាយជាច្រើនលើក តែពុំមានដំណោះស្រាយនៅឡើយ ។លោកបញ្ជាក់ថា បើពុំមានដំណោះស្រាយ ក្រុមរបស់លោកនឹងនៅតែកាក់ ឃាត់ឡានដឹកទំនិញ ក្រុមហ៊ុនមិនឱ្យចេញ រហូតមានដំណោះស្រាយ ។

សកម្មភាពកាក់ឃាត់ ឡានដឹកទំនិញ របស់កម្មករខាងលើ បានធ្វើឱ្យប៉ះពាល់ដល់រោងចក្រ២ទៀត ដែលនៅអគារខាងក្នុង មិនអាចដឹកទំនិញចេញបាន គឺ១-ក្រុមហ៊ុនញូ ជេនើរេសិន ថេស្ថាយ ឌីឡុបម៉ិន ឯ.កនិង២-ធីម បេស (ខេមបូឌា) ថេកស្ថាយ(Team Best (Cambodia) textile Co.,Ltd)។ ដោយសារតែប៉ះពាល់ ដល់ចង្វាក់ផលិតកម្ម ក្រុមកម្មករ កម្មការិនីក្រុមហ៊ុនញូ ជេនើរេសិន ថេស្ថាយ ឌីឡុបម៉ិន ឯ.ក ជាច្រើននាក់ បានផ្តិតមេដៃ ដាក់ពាក្យបណ្តឹង ទៅលោកអភិបាលខេត្តកណ្តាល ចុះថ្ងៃ ទី៥មីនា ឆ្នាំ២០២០ ដើម្បីសុំចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះកម្មករ៣៩នាក់ ដែលបានដឹកនាំកម្លាំង រារាំងនិងបិទផ្លូវ ច្រកចេញចូល មិនឱ្យរថយន្តដឹកទំនិញចេញចូល ក្នុងរោងចក្រ និងទាមទារសំណងខូខាតផ្សេងៗ ហើយខាងសាលាខេត្ត បានទទួលពាក្យបណ្ដឹង នៅថ្ងៃទី៦ខែមីនា នេះរួចហើយ ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *