រដ្ឋាភិបាលថៃអនុម័តទិដ្ឋាការឥតគិតថ្លៃ៥ខែ ដើម្បីអូសទាញទេសចរចិន ឱ្យវិលត្រឡប់មកវិញ

បរទេស ៖ រដ្ឋាភិបាលថ្មីរបស់ថៃ កាលពីថ្ងៃពុធម្សិលមិញ បានអនុម័តវិធានការផ្តល់ការចូលបណ្តោះអាសន្នដោយគ្មានទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដែលជាសញ្ញាថា«ការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ប្រទេសគឺជាអាទិភាពសេដ្ឋកិច្ចកំពូល»។

លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថៃ បាននិយាយថា «ការលើកលែងទិដ្ឋាការ ដែលនឹងអនុវត្តផងដែរចំពោះភ្ញៀវមកពីប្រទេសអាស៊ីកណ្តាល កាហ្សាក់ស្ថាន នឹងចូលជាធរមានចាប់ពីថ្ងៃទី ២៥ ខែកញ្ញារហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំក្រោយ»។ 

លោក​បន្ត​ថា «អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បាន​ប្រឹក្សា​ដើម្បី​ធានា​ថា​ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ដោះស្រាយ​ការ​កើន​ឡើង​ដែល​រំពឹង​ទុក​សម្រាប់​អ្នក​ធ្វើ​ដំណើរ»។

ប្រទេសចិន កាលពីជាងមួយទស្សវត្សរ៍មុនបានក្លាយជាប្រភពទេសចរណ៍ដ៏សំខាន់មកកាន់ប្រទេសថៃ ដោយមានអ្នកទេសចរជិត ១១ លាននាក់ក្នុងឆ្នាំ ២០១៩ ស្មើនឹង ២៧,៦% នៃការមកដល់ទាំងអស់សម្រាប់ឆ្នាំនោះ មុនពេលជំងឺរាតត្បាតកូវីដបានបំផ្លិចបំផ្លាញទីផ្សារទេសចរណ៍។

រាជរដ្ឋាភិបាល​ថៃ បាន​ស្នើ​វិធានការ​នេះ​ដោយ​សារ​ក្តី​បារម្ភ​ថា​«ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នៅ​ឆ្នាំ​នេះ​អាច​នឹង​មិន​ដល់​គោលដៅ​ដំបូង​ចំនួន ៥ លាន​នាក់​ដោយសារ​លក្ខខណ្ឌតម្រូវការ​ទិដ្ឋាការ​តឹងរ៉ឹង»។ ចំណែកអាជ្ញាធរទេសចរណ៍ថៃបានរាយការណ៍ថា «ភ្ញៀវទេសចរចិនប្រហែល ១,៤ លាននាក់ បានមកក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ»។

សេដ្ឋកិច្ចរបស់ថៃបានធ្លាក់ចុះក្នុងអំឡុងជំងឺរាតត្បាត ព្រោះឧស្សាហកម្មទេសចរណ៍ដ៏ធំរបស់ខ្លួនបានដួលរលំ។ប្រទេសនេះទទួលបានភ្ញៀវអន្តរជាតិប្រហែល ៤០ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលរដ្ឋាភិបាលថៃបានប៉ាន់ប្រមាណថា«អាចរកចំណូលបាន ១,៩ ទ្រីលានបាត (៥៣,២ ពាន់លានដុល្លារ) ជាចំនួនមួយដែលបានធ្លាក់ចុះជាង ៩៩% ក្នុងឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍និងកីឡា»។

លោក ឆាយ វ៉ាឆារ៉ុនកេ (Chai Wacharonke) អ្នក​នាំ​ពាក្យ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​អន្តរជាតិ​ចំនួន ១៥ លាន​នាក់​ក្នុង​រយៈពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។ លោកបាននិយាយថា រដ្ឋាភិបាលមានគោលបំណងទាក់ទាញភ្ញៀវអន្តរជាតិចំនួន ២៨ លាននាក់ និង បង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន ១,៤ ទ្រីលានបាតក្នុងឆ្នាំ ២០២៣។

ក្រៅពីការលើកលែងទិដ្ឋាការ វិធានការផ្សេងទៀតដែលគណៈរដ្ឋមន្ត្រីបានអនុម័តរួមមាន ការកាត់បន្ថយថ្លៃអគ្គិសនីនិងតម្លៃប្រេងម៉ាស៊ូត ក៏ដូចជាកម្មវិធីបន្ធូរបន្ថយបំណុលរយៈពេលបីឆ្នាំសម្រាប់កសិករ ដើម្បីដោះស្រាយថ្លៃចំណាយរស់នៅខ្ពស់និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *