កំពង់ធំ ៖ មានករណីទំនាស់ពាក្យសម្ដីនឹងគ្នារវាងកូនសិស្សលោក កាប់ព្រះសង្ឃក្នុងវត្ត កើតឡើងកាលពីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២អធ្រាត្រ នៅចំណុចវត្តស្ពឺជើង ភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោងខេត្តកំពង់ធំ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ មី ម៉ៃ មានស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំបានយកកាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃ មានព្រះជន្ម៣២ឆ្នាំ គង់នៅក្នុងវត្តស្ពឺជើង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដោយកាប់ត្រូវ០៤កន្លែង ត្រូវចំកញ្ចឹងក២កាំបិត ដៃ១កាំបិត និងកំភួនជើងមួយកាំបិត។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ គឺជនសង្ស័យមានទំនាស់ពាក្យសម្ដីជាមួយជនរងគ្រោះទើបបណ្តាលឱ្យកើតហិង្សាតែម្តង ហើយករណីនេះ សមត្ថកិច្ចកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យស្លាកស្នាមបញ្ចូនជនរងគ្រោះសង្គ្រោះនិងទៅព្យាបាលមន្ទីរពេទ្យបង្អែកស្ទោង។

លោកវរសេនីយ៍ទោ ជឹម រីណា អធិការស្ដីទី នគរបាលស្រុកស្ទោង បានដឹកនាំកម្លាំងអន្តរាគមន៍ដល់កន្លែងកើតហេតុនិងបានឱ្យដឹងថា ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតាមរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ (ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ធំ)
