កណ្តាល ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី១៧ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ១១និង៥០នាទី នៅចំណុចភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលក្រោយពីទិញថ្នាំញៀនពីឈ្មោះ «បារាំង» នៅម្តុំច្រាំងបាក់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ប្រហែល២០លើកមកហើយ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ រឹម ហ៊ន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក , ២-ឈ្មោះ ឃុន ប្រុស ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ និង ៣-ឈ្មោះ សៀក មុី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុងតាខ្មៅ។វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១៥កញ្ចប់, សម្ភារប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួននិង ទូរសព្ទ០១គ្រឿងម៉ាកណូគាចុចពិល។

សមត្ថកិច្ចបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពប្រមូលផ្តុំគ្នាជួញដូរគ្រឿងញៀននៅចំណុចផ្ទះ របស់ឈ្មោះរឹម ហ៊ន កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយសហការជាមួយប៉ុស្តិ៍នគរបាលបន្ទាយដែក ចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសវត្ថុតាងមួយចំនួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីអនុវត្តតាមនីតិវិធី ។

ជនសង្ស័យទាំង៣នាក់ បានសារភាពថា «ថ្នាំញៀនខាងលើ គឺទិញពីឈ្មោះ បារាំង(មិនស្គាល់នាមត្រកូល) ភេទប្រុសអាយុប្រហែល២៩ឆ្នាំ នៅម្តុំច្រាំងបាក់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដើម្បីយកទៅលក់ឱ្យគេបន្តក្នុងតម្លៃសាមសិបប្រាំម៉ឺនរៀល) រួចបានទិញប្រហែល២០លើកមកហើយ»៕(ដោយ សំណាង៩៦)
