ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទៀតចំណោម២នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិនៅខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួនដល់ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២៣ម្សិលមិញ បន្ទាប់ពីឃាត់បានម្នាក់កាលពីថ្ងៃទី១២វិច្ឆិកា នៅខេត្តកំពត ។

សមត្ថកិច្ចនិយាយថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់ប្រដាប់អាវុធ)កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាក បានធ្វើសកម្មភាពចូលក្នុងផ្ទះប្រជាពលរដ្ឋលក់ដូរឈ្មោះ សៅ ភាន់ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតភ្ជង់ប្លន់យកគ្រឿងអលង្ការ លុយ និងទូរសព្ទ ហើយគេចខ្លួនបាត់តែម្តង ។

សមត្ថកិច្ចបន្តថា ពួកចោរប្លន់យកទ្រព្យសម្បត្តិរួមមាន លុយខ្មែរចំនួន ៤លានរៀល, កងដៃប្លាកទីន ទម្ងន់ ១តំឡឹង ១ជី(២ឈុត ១៤វង់),ខ្សែកប្លាទីន ១ខ្សែ ទម្ងន់ ៥ជី (បន្តោងអក្សរC),ចិញ្ជៀនប្លាទីន ១វង់ ទម្ងន់ ១ជី (មានដាំត្បូងពណ៌ស)និងទូរសព្ទ ១គ្រឿងម៉ាក Vivo ។

សមត្ថកិច្ចបន្តថា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកវរសេនីយ៍ឯកហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានននគរបាលខេត្តកំពត និងខេត្តស្វាយរៀង ។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៣៥នាទីល្ងាចប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អេង កុសល ភេទប្រុស ជនជាតិខ្មែរ នៅចំណុចភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាសខេត្តកំពត។

លុះរហូតដល់ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៤និង៥០នាទីល្ងាច កម្លាំងប៉ូលិសជំនាញបានបន្តសហការជាមួយកម្លាំងនគរបាលខេត្តកំពត និងនគរបាលខេត្តស្វាយរៀង ស្វែងរកចាប់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ កៅ ផាហៅ ណៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដែលឃាត់ខ្លួនបានត្រង់ចំណុចភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា «នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពត ពិតប្រាកដមែន ដោយបានយកអាវុធខ្លីភ្ជង់និងវាយទៅលើជនរងគ្រោះប្លន់យកគ្រឿងអល្លង្កា លុយ ទូរសព្ទ ។ ក្រោយពីធ្វើសកម្មភាពប្លន់បានសម្រេចហើយក៏បែកផ្លូវគ្នា ចំណែកខ្លួនបានទៅលាក់ខ្លួននៅផ្ទះក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង»។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕(ដោយគា សំណាង)
