ស្ត្រីជនជាតិចិនតៃវ៉ាន់តែងខ្លួនប្រុស បានលោតចេញពីបន្ទប់ជាន់ទី១២ បណ្ដាលឱ្យបាត់បង់ជីវិត

ភ្នំពេញ ៖ មានករណីស្ត្រីជនជាតិចិនតៃវ៉ាន់តែងខ្លួនជាប្រុស បានលោតចេញពីបន្ទប់ជាន់ទី១២ បណ្ដាលឱ្យបាត់បង់ជីវិតកើតឡើងនៅចំណុចវេរ៉ងដា បន្ទប់លេខ១២០៨ ជាន់ទី១២ អគារហ៊ួយ វ័ន ផេ ផ្លូវលេខ១១១ កែងផ្លូវលេខ២៣២ ភូមិ១សង្កាត់បឹងព្រលិត ហើយធ្លាក់ទៅទើលើដំបូលជាន់ទី២ ផ្ទះលេខ២៥៥ ផ្លូវលេខ១០៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ពីខាងក្រោយអគារហ៊ួយ វ័ន ផេ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ CIAN SHU RONG ភេទស្រី (ស្រីតែងខ្លួនធ្វើប្រុស) អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរណ៍ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

សាក្សីនិយាយថា នៅវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អ្នកយាមផ្ទះលេខ២៥៥ ពីខាងក្រោយអគារកើតហេតុបានឮសម្លេងមានអ្វីមួយធ្លាក់ពីលើមកក្រោម ទើបឡើងទៅមើលនៅជាន់ទី២ ស្រាប់តែឃើញក្បឿងដំបូលផ្ទះជាន់ទី២បែកមានមនុស្សស្រីម្នាក់ស្លាប់ ហើយក៏ផ្តល់ដំណឹងឲ្យសមត្ថកិច្ច ទៅសួរនាំអគារកើតហេតុ។

យោងតាមការបំភ្លឺពីសាក្សីជាអ្នកយាមនៅផ្ទះលេខ២៥៥ ពីខាងក្រោយអគារកើតហេតុបានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៤ ខ្ញុំបានទៅដេកយាមផ្ទះលេខ២៥៥ ពីខាងក្រោយអគារហ៊ួយ វ័ន ផេ, នៅវេលាម៉ោងប្រហែល៩យប់ ថ្ងៃដដែល ស្រាប់តែឮសម្លេងប្រាវដូចមានអ្វីមួយធ្លាក់ពីលើមកត្រូវដំបូលផ្ទះ ទើបខ្ញុំឡើងទៅមើលនៅជាន់ទី២ ស្រាប់តែឃើញមានសាកសពមនុស្សស្រីម្នាក់ ហើយក្បឿងដំបូលផ្ទះជាន់ទី២ បែកខ្ទេចធ្លុះ១កន្លែង ទើបខ្ញុំដឹងថាមានមនុស្សធ្លាក់ពីលើអាគារពីខាងក្រោយផ្ទះ ហើយខ្ញុំបានផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។

យោងតាមការបំភ្លឺពីសាក្សីជាមិត្តភក្តិស្នាក់នៅបន្ទប់ជាមួយជនរងគ្រោះបានឱ្យដឹងថា នៅអំឡុងខែមិនា ឆ្នាំ២០២៤នាងខ្ញុំ និងមិត្តប្រុស ព្រមទាំងជនរងគ្រោះ និងមិត្តស្រីជនរងគ្រោះ (ជនរងគ្រោះជាមនុស្សស្រីតែងខ្លួនជាប្រុស) បានមកជួលបន្ទប់ស្នាក់នៅជាមួយគ្នា។ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាងខ្ញុំ និងមិត្តប្រុសបានទៅដើរលេងនៅផ្សារAeon ដើម្បីទិញរបស់របរ, នៅវេលាម៉ោងប្រហែល១០យប់ថ្ងៃដដែល នាងខ្ញុំ និងមិត្តប្រុសបានត្រឡប់មកដល់អាគារវិញ រួចក៏ឃើញមានមនុស្សផ្អើលឆោឡោ ទើបនាងខ្ញុំបានចូលទៅ ហើយក៏មានមនុស្សប្រាប់ថាមានមនុស្សលោតសម្លាប់ខ្លួន ក្រោយមកទើបដឹងថាជាជនរងគ្រោះ។

យោងតាមការបំភ្លឺពីសាក្សីជាមិត្តស្រីជនរងគ្រោះម្នាក់ទៀតបានឲ្យដឹងថា នាងខ្ញុំ និងមិត្តប្រុស (ជនរងគ្រោះជាស្រីតែងខ្លួនជាប្រុស) បានមកស្នាក់នៅបន្ទប់កើតហេតុជាមួយគ្នា និងមិត្តភក្តិជនជាតិតៃវ៉ាន់ចំនួន២នាក់។ នៅល្ងាចថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៤ នាងខ្ញុំបានចេញពីបន្ទប់មកក្រោម, លុះដល់វេលាម៉ោងប្រហែល៩យប់ ថ្ងៃដដែល ។

ពេលនាងខ្ញុំកំពុងនៅខាងក្រោមអគារ ស្រាប់តែបងប្រុសជនរងគ្រោះបានទំនាក់ទំនងពីប្រទេសតៃវ៉ាន់ មកប្រាប់នាងខ្ញុំថាឲ្យទៅមើលជនរងគ្រោះផងព្រោះកំពុងតែនិយាយទូរស័ព្ទសុខៗស្រាប់តែឮសម្លេងទូរសព្ទធ្លាក់លែងនិយាយសង្ស័យប្អូនគាត់មានបញ្ហាអ្វី, ទើបនាងខ្ញុំឡើងទៅដល់ខាងលើបន្ទប់តែមិនឃើញជនរងគ្រោះ ហើយនាងខ្ញុំក៏បានដើរស្វែងរកនៅក្នុងអាគារ តែមិនឃើញជនរងគ្រោះសោះ រួចនាងខ្ញុំក៏បានដើរទៅខាងក្រោយអាគារ មានមនុស្សឆោឡោចោមរោមមើលអ្វី ហើយមានគេនិយាយថាមានមនុស្សលោតពីលើអាគារ ក្រោយមកទើបនាងខ្ញុំដឹងថាជាសាកសពជនរងគ្រោះ ហើយនាងខ្ញុំបានផ្ដល់ដំណឹងឱ្យទៅបងប្រុសជនរងគ្រោះនៅប្រទេសតៃវ៉ាន់វិញ។

យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន សមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា«ជនរងគ្រោះពិតជាស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ គឺអត្តឃាតលោតចេញពីយ៉វេរ៉ងដាបន្ទប់ជាន់ទី១២ទៅក្រោមពិតប្រាកដមែន»។សាកសពតម្កល់នៅវត្តស្ទឹងមានជ័យ៕(ដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *