ក្រុមប្រឹក្សាខណ្ឌ៧មករា បើកកិច្ចប្រជុំ សាមញ្ញលើកទី១ អាណត្តិទី៤ និង ដាក់ចេញនូវរបៀបវារៈចំនួន

ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះបានបើកកិច្ចប្រជុំសាមញ្ញលើកទី១អាណត្តិទី៤ រាជធានីភ្នំពេញ និង ដាក់ចេញនូវរបៀបវារៈចំនួន ព្រមទាំងបន្ត ពង្រឹងការអនុវត្តគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងលប់បំបាត់ក្មេងទំនើង ។

រដ្ឋបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និង មានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, លោក នាយក នាយករដ្ឋបាលខណ្ឌ, លោក អធិការនគរបាលខណ្ឌ, លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង៨, លោក-លោកស្រី ប្រធានផ្សារនិងតំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ បានដាក់ចេញនូវ វិធានការដែលត្រូវអនុវត្តបន្ត  ទី១-ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព  ជាពិសេស ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងត្រូវរួមគ្នាលប់បំបាត់សកម្មក្មេងទំនើងអោយមានប្រសិទ្ធិភាព ចុះត្រួតពិនិត្យជាប្រចាំនៅតាមសាលារៀន  តាមហាងកាហ្វេ តាមវត្តអារាម និងនៅតាមភូមិសាស្ត្រងាយរងគ្រោះដោយក្រុមក្មេងទំនើងជួបជុំប្រមូលផ្តុំ ។

ទី២- ត្រូវយកចិត្តទុកដាកក្នុងការបំរើ សេវ៉ាជូនប្រជាពលរដ្ឋ រួមមានសេវ៉ាតម្រូវការ សេវ៉ាសំណូមពរ  សេវ៉ាចាំបាច់ធ្វើអោយបាន  ធ្វើអោយលឿន  និងមានតម្លាភាព  ។ ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងបុរីនិងសំណង់ផ្ទះល្វែង អោយបានហ្មត់ចត់បំផុត ។ 

ចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានកោតសសើរដល់កងកម្លាំងទាំងអស់របស់គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់បានសហការគ្នាល្អក្នុងការការពារសន្តិសុខសណ្តាប់ សាធារណៈបានល្អប្រសើរដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ  ជាពិសេសគណៈបញ្ជាការឯកភាពសង្កាត់  ខណ្ឌ ចាប់ពីពេលនេះតទៅត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ និង សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន៕ (ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *