ប៉ូលិសឥណ្ឌាកំពុងតាមចាប់អ្នករៀបចំពិធីបុណ្យហិណ្ឌូ ដែលនាំឱ្យមនុស្សជាន់គ្នាស្លាប់ ១២១ នាក់

ឥណ្ឌា ៖ សាក្សីនិយាយថា អ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់បានប្រញាប់ប្រញាល់ទៅមើលគ្រូអាចារ្យហិណ្ឌូម្នាក់ដែលនាំឱ្យមានការរុញច្រានគ្នានៅលើដីរអិល ពោលមួយសន្ទុះមុនពេលការជាន់គ្នានៅឯកន្លែងមានមនុស្សចង្អៀតក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្ស ១២១ នាក់ បង្កឱ្យប៉ូលិសតាមប្រមាញ់អ្នករៀបចំ។

ការជាន់គ្នានេះបានកើតឡើងកាលពីថ្ងៃអង្គារនៅភូមិ Phulrai Mughal Garhi ក្នុងស្រុក Hathras ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងដែលមានប្រជាជនច្រើន កន្លែងដែលគ្រូអាចារ្យ Suraj Pal Singh ដែលគេស្គាល់ថា«Bhole Baba»កំពុងធ្វើក្រុមជំនុំប្រចាំខែ។

ប៉ូលិសបាននិយាយថា មនុស្សប្រហែល ២៥០.០០០ នាក់បានប្រមូលផ្តុំគ្នានៅលើដីដែលមានដំបូលក្បែរផ្លូវហាយវេទោះបីជាអាជ្ញាធរបានផ្តល់ការអនុញ្ញាតសម្រាប់ត្រឹមតែ ៨០.០០០ នាក់ក៏ដោយ ។ យ៉ាងហោចណាស់មនុស្ស ១២១ នាក់បានស្លាប់ និង ៣១ នាក់បានរងរបួស ដោយក្នុងនោះមានស្ត្រីចំនួន ១១២ នាក់ និងកុមារ ៧ នាក់ ។

សាក្សីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា បញ្ហាបានចាប់ផ្តើមបន្ទាប់ពីក្រុមជំនុំពេលរសៀលរយៈពេលមួយម៉ោងបានបញ្ចប់ ហើយគ្រូអាចារ្យនោះកំពុងចាកចេញពីកន្លែងជំនុំតាមឡានរបស់គាត់ ។

Sankalp Gautam អាយុ ២២ ឆ្នាំ ដែលបានរងរបួសនិងកំពុងព្យាបាលនៅមន្ទីរពេទ្យ បាននិយាយថា ផ្លូវចូល និងច្រកចេញនៃទីកន្លែងជំនំគឺធំល្មមសម្រាប់មនុស្ស ១០ ឬ ២០ នាក់អាចធ្វើដំណើរឆ្លងកាត់ក្នុងពេលតែមួយ «ប៉ុន្តែមនុស្សរាប់ពាន់នាក់បានប្រញាប់ប្រញាល់ទៅមើល នៅពេលដែលឡានរបស់ Baba បានចាកចេញ ដោយនាំគ្នាដើរតាមឡានរបស់គាត់ដោយថ្មើរជើងដើម្បីមើលគាត់ឱ្យកៀក»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *