សមត្ថកិច្ចបង្រ្កាបការជួញដូរគ្រឿងញៀនឃាត់ខ្លួនស្ត្រី២នាក់ រឹបអូសថ្នាំញៀនជាង២គីឡូក្រាម

ភ្នំពេញ ៖ នគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្រ្កាបការជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនជាង ២គីឡូក្រាម កាលពីថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៥និង៣០នាទីល្ងាច ហើយបានបង្ហាញមុខនាថ្ងៃទី៨កក្កដានេះ។

សមត្ថកិច្ចនិយាយថា កម្លាំងនគរបាលជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលរាជធានី ដោយមានការដឹកនាំនិងសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានដល់បង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅ ៖ គោលដៅទី១ ស្ថិតនៅលើផ្លូវបេតុង ខាងក្រោយផ្សារប៉េសេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ខណ្ឌមានជ័យ និង គោលដៅទី២ ស្ថិតនៅសំណង់មិនរៀបរយ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ក្នុងប្រតិបត្តិការកម្លាំងជំនាញនៃមន្ទីរគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន១-ឈ្មោះ លាង ស្រីពេញ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរនិង ២.ឈ្មោះ អ៊ុយ ណារី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ,ដោយដកហូត គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២០៧៨,៤២ក្រាមនឹងគ្រឿងញៀនប្រភេទកេតាមីន(Ketamine) ទម្ងន់ ១៩៥,៣៦ក្រាម ,វត្ថុតាងគ្រឿងញៀនសរុបចំនួន  ២ គ.ក្រ ២៧៣,៧៨ក្រាម ។

បច្ចុប្បន្នជនល្មើសខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *