នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៥នាក់ ពាក់ព័ន្ធអំពើប្លន់ប្រដាប់អាវុធ និងទម្លាក់យោង

ភ្នំពេញ ៖ ជនសង្ស័យ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទបង្ហាញមុខជាសាធារណៈពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ , កាច់សោកលួចម៉ូតូប្រដាប់ដោយអាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ ។ 

សន្និសីទព័ត៌មាននេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលថ្លែងដោយលោកវរសេនីយ៍ឯក អេងសោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ រួមជាមួយនគរបាលខណ្ឌសែនសុខខណ្ឌទួលគោក ខណ្ឌច្បារអំពៅ ខណ្ឌដូនពេញ ដែលបានចូលរួមបង្ក្រាបករណីខាងលើនេះ ។

លោកវរសេនីយ៍ឯកអេង សោភា បានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំនិងចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ឯក ជួនណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យនគរបាលជំនាញចុះស្រាវជ្រាវនិងបង្ក្រាបឱ្យខាងតែបាន រហូតឃាត់ខ្លួនជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធ៣ករណីត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធ ។

លោកបន្តថា សមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេ ក្នុងចំណោម៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅមុខភោជនីយដ្ឋានមួយកន្លែងយីហោ « ខ្យល់ទន្លេ » ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទៀបភ្លឺថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៤ ។ 

លោកបញ្ជាក់ថា កម្លាំងនគរបាល តែងបើកការចុះបង្ក្រាបជានិច្ច នូវរាល់ពេលមានសកម្មភាពបទល្មើសកើតមានឡើងក្នុងរាជធានីភ្នំពេញ ពិសេសអំពើបទល្មើសលួច ឆក់ ប្លន់ប្រដាប់ដោយអាវុធ ដែលជាបទល្មើស បង្កភាពភ័យខ្លាច និងបង្កអសន្តិសុខក្នុងសង្គមជាតិ ដែលកត្តាទាំងនេះហើយ ជាអ្វីដែលកងកម្លាំងសមត្ថកិច្ច ត្រូវទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខ និងរបៀបរៀបរយជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕(ដោយគា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *