ភ្ញៀវសម្រុកមកលេងថៃច្រើនពេក រហូតដល់ថ្នាក់រដ្ឋាភិបាលសម្រេចបិទផ្សាររួចពន្ធ ដើម្បីឱ្យភ្ញៀវចាយលុយច្រើនៗ

ប្រទេសថៃ ៖ ថៃនឹងបិទហាងរួចពន្ធនៅតាមតំបន់មកដល់នៃអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដើម្បីលើកទឹកចិត្តអ្នកធ្វើដំណើរឱ្យចំណាយកាន់តែច្រើននៅកន្លែងផ្សេងទៀតក្នុងប្រទេស។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ដែលដកស្រង់សម្តីអ្នកនាំពាក្យរងរដ្ឋាភិបាលបានឱ្យដឹងថា ប្រតិបត្តិករទាំងបីនៃអាជីវកម្មរួចពន្ធនៅអាកាសយានដ្ឋានអន្តរជាតិចំនួនប្រាំបី រួមទាំងសុវណ្ណភូមិរបស់ទីក្រុងបាងកក និងដនមឿង បានយល់ព្រមផ្អាកប្រតិបត្តិការនេះហើយ។

អាកាសយានដ្ឋានផ្សេងទៀតគឺនៅឈៀងម៉ៃ ភូកេត ហាត់យ៉ៃ រ៉ាយ៉ុង សាមុយ និងកោះក្របី។ មិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់ឱ្យប្រតិបត្តិការរួចពន្ធត្រូវបញ្ឈប់នោះទេ ។នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

កាល​ពី​ឆ្នាំ​មុន ការ​លក់​ពី​ហាង​ទំនិញ​រួចពន្ធ​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន ៣,០២ ពាន់​លាន​បាត (៨២,៩ លាន​ដុល្លារ) នេះ​បើ​តាម​នាយកដ្ឋាន​គយ​របស់​ថៃ។ រដ្ឋាភិបាលប៉ាន់ប្រមាណថា ការបិទហាងទាំងនេះនឹងបង្កើនការចំណាយរបស់ភ្ញៀវបរទេសចំនួន ៥៧០ បាតក្នុងមនុស្សម្នាក់ក្នុងមួយការធ្វើដំណើរមួយជើងៗ។យោងតាមធនាគារពិភពលោកបានឱ្យដឹងថា «ថៃរំពឹងទាក់ទាញភ្ញៀវទេសចរជាង ៣៦ លាននាក់នៅឆ្នាំនេះ»។

យោងតាមស្ថិតិពីក្រសួងទេសចរណ៍ និងកីឡាបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៤ ខែមេសា ថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ១០,៧២ លាននាក់។ ភ្ញៀវ​ទេសចរ​ជាង​ពីរ​លាន​នាក់​មក​ពី​ប្រទេស​ចិន តាម​ពី​ក្រោយ​ដោយ​ម៉ាឡេស៊ី រុស្ស៊ី កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា។

មុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍មានប្រហែល ២០ ភាគរយនៃសេដ្ឋកិច្ចរបស់ប្រទេស៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *