កាស៊ីណូធំៗ ត្រៀមចូលទីក្រុងបាងកក ប្រសិនបើច្បាប់កាស៊ីណូត្រូវបានអនុម័ត នៅឆ្នាំ២០២៥

ថៃ ៖ ម៉ាកាវ, Genting Highlands, Marina Bay របស់សិង្ហបុរី ជាកន្លែងលេងល្បែងដ៏ពេញនិយមរួចហើយ ចុះតើទីក្រុងបាងកកអាចជាកន្លែងឈប់សំចតសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តកាស៊ីណូដែរឬទេ?

ជិតមួយឆ្នាំបន្ទាប់ពីរដ្ឋាភិបាលបច្ចុប្បន្នរបស់ថៃបានឡើងកាន់អំណាច ពួកគេបានបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការធ្វើឱ្យស្របច្បាប់នូវល្បែងស៊ីសងកាស៊ីណូ ជាគ្រាប់ពូជដែលបានសាបព្រោះជាង ២០ ឆ្នាំមុន នៅពេលដែលលោកថាក់ស៊ីន ស៊ីណាវ៉ាត់ធ្វើជានាយករដ្ឋមន្ត្រី។ សេចក្តីព្រាងច្បាប់នេះអាចនឹងដាក់បញ្ចូលក្នុងសភាក្នុងខែនេះ ដោយនាយករដ្ឋមន្រ្តី ស្រេតថា ថាវីស៊ីន បានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការអនុម័តវាឱ្យបាននៅដើមឆ្នាំ២០២៥។

កាស៊ីណូស្របច្បាប់ដំបូងគេរបស់ថៃអាចនឹងបើកនៅឆ្នាំ ២០២៩ ដែលនឹងដើរទៅមុខមុនជប៉ុនទៅទៀតក្នុងការបើកដំណើរការរមណីយដ្ឋានល្បែងដ៏សំខាន់បន្ទាប់នៅអាស៊ី។ កាស៊ីណូ MGM Osaka រំពឹងបើកដំណើរការនៅឆ្នាំ២០៣០ បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាលក្នុងឆ្នាំ ២០២៣។ ល្បឿនដូចរន្ទះ និងប្រសិទ្ធភាពនៃដំណើរការរបស់ថៃគឺផ្ទុយស្រឡះពីការធ្វើដំណើរដ៏វែងឆ្ងាយរបស់ជប៉ុនក្នុងការអនុម័តច្បាប់កាស៊ីណូរបស់ខ្លួន។

សកម្មភាព​ដ៏​រហ័ស​នេះ​កើត​ឡើង​ខណៈ​ដែល​លោក​ស្រេតថា កំពុងដោះស្រាយជាមួយនឹង​សេដ្ឋកិច្ច​ថៃ​ដ៏យឺតយ៉ាវ។ដូច្នេះការទាក់ទាញភ្ញៀវចូលចិត្តល្បែងគឺជាបំណងដ៏ច្បាស់លាស់ដើម្បីស្តារសេដ្ឋកិច្ច។

«កន្លែងកម្សាន្តរួមបញ្ចូលគ្នា»ខ្នាតធំៗ ដែលគ្រោងនឹងបើកនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត គឺភូកេត និងអាចពីរកន្លែងទៀតនៅទីក្រុងបាងកក អាចនឹងទាក់ទាញការវិនិយោគបរទេសជាង ១០ ពាន់លានដុល្លារ ដោយនាំមកនូវការងារ ប្រាក់ចំណូល និងការជំរុញទេសចរណ៍ដ៏សំខាន់។ ព្រះរាជាណាចក្រថៃអាចនឹងចេញអាជ្ញាប័ណ្ណកាស៊ីណូចំនួនប្រាំទៅប្រាំបីជាសរុប។

ថៃ​រំពឹង​ទទួល​ភ្ញៀវ​ទេសចរ​ជាង ៣៦ លាន​នាក់​នៅ​ឆ្នាំ​នេះ ដែល​ជិត​ដល់​កម្រិត​ខ្ពស់​មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ៤០លាន​នាក់។ ការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំនេះជួយជំរុញទំនុកចិត្តរបស់រដ្ឋាភិបាលក្នុងការចម្លងតាមភាពជោគជ័យរបស់សិង្ហបុរីឬអាចវ៉ាដាច់សិង្ហបុរីថែមទៀត ជាមួយនឹងរមណីយដ្ឋានល្បែងបែបនេះ៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *