ឯកឧត្តម ស៊ូម សារឿន ដឹកនាំសហការី បរិច្ចាគឈាម ដើម្បីអបអរសាទរ ខួបគម្រប់ខួប៥ឆ្នាំ នៃការបង្កើតសមាគមរាជសីហ៍

ភ្នំពេញ ៖ ដើម្បីអបអរសារទរខួបគម្រប់៥ឆ្នាំ នៃថ្ងៃបង្កើត សមាគមរាជសីហ៍  ( ៧ សីហា ២០១៩ – ២០២៤ ) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំសមាគមចំនួន៦៤នាក់  ធ្វើកម្មវិធី បរិច្ចាគឈាមជូន  មជ្ឈមណ្ឌលជាតិផ្ដល់ឈាម  ដើម្បីជាប្រយោជន៍នៃការសង្គ្រោះ ជីវិតមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ស៊ូម សារឿន បានសំណេះសំណាល និងជម្រាប លោកនាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម អំពីបេសកកម្មសំខាន់ៗរបស់សមាគម និងបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំនេះ សមាគមរាជសីហ៍ មានសមាជិកសរុបចំនួន ៧,៩៣៤អង្គ/នាក់។

មានសាខាក្នុងប្រទេស២៤រាជធានី-ខេត្ត និង មានសាខាក្រៅប្រទេសចំនួន៥ប្រទេស បានធ្វើសកម្មភាពមនុស្សធម៌បាន ចំនួន២,១២៦លើក ដោយចំណាយថវិកា អស់ប្រមាណជាង $២.០០០.០០០ (ពីរលានដុល្លារ) ជាពិសេស ទៅលើសកម្មភាពមនុស្សធម៌ ចូលរួមកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកនាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ   ឯកឧត្តមប្រធាន ស៊ូម សារឿន និងសហការី ដែលមានទឹកចិត្តជ្រះថ្លាប្រកបដោយសប្បុរស បានបរិច្ចាគឈាមជាច្រើនប្លោក សម្រាប់ជួយសង្គ្រោះជិវិតមនុស្ស ក៏ដូចជាបានធ្វើសកម្មភាពមនុស្សធម៌សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ក្រីក្រក្នុងព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *