កសិករជិត៤០០គ្រួសារ មិនពេញចិត្ត ក្រុមហ៊ុនបូមទឹកស្រោចស្រពស្រូវប្រដេញទឹកនិងស្រូវប្រាំង ជាង៣ឆ្នាំហើយ ឥឡូវក្រុមហ៊ុននេះ បានបន្តមួយអាណត្តិ១០ឆ្នាំទៀត

ភ្នំពេញ ៖ ប្រជាកសិករ ប្រមាណជិត ៤០០គ្រួសាររស់នៅ ភូមិចំនួន៤ នៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអះអាងថាក្នុងអាណត្តិរយៈពេល១០ឆ្នាំ ដែលក្រុមហ៊ុន កំពង់ធំ អ៉ិនវែសមេន និងឌីវេឡុបមេនគ្រុប បានធ្វើអាជីវកម្មបូមទឹកស្រោចស្រពស្រូវប្រាំង មិនបានគោរពទៅតាម ការសន្យា ដែលផ្ដល់ជូនដល់ប្រជាកសិករនោះឡើយ ហើយពួកគាត់បានផ្ដិតមេដៃតវ៉ា ទៅកាន់អាជ្ញាធរជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៧មក ពោលអស់រយៈពេល៣ឆ្នាំ នៃការមិនពេញចិត្ត ប៉ុន្តែស្រាប់តែមកដល់ អាណិត្តថ្មីឆ្នាំ២០២១នេះ ស្រាប់តែក្រុមហ៊ុននេះ នៅតែទទួលបានការធ្វើអាជីវកម្មមួយអាណត្តិ១០ឆ្នាំទៀតទៅវិញ ។ ពួកគាត់ស្នើឱ្យអោយលប់ចោលការផ្តល់សិទ្ធិ អោយក្រុមហ៊ុននៅអាណត្តិថ្មីនេះសិន រួចធ្វើការធ្វើការបោះឆ្នោត ជ្រើសរើសតំណាងចែកចាយទឹក ដោយមានការប្រកួតប្រជែង និងបំពានកិច្ចសន្យា ឬមិនសន្យារួចពីមាត់នោះ ។ 

ប្រជាកសិករអះអាងបន្តថា ក្រុមហ៊ុនខាងលើ ដែលមានលោក ហាក់ សុង ជាប្រធានក្រុមហ៊ុន កន្លងមកមិនបានផ្គត់ទឹកគ្រប់គ្រាន់ទៅតាមសំណូមពរ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ និងបានយកតម្លៃ សេវាទឹកខ្ពស់ ។ ចាប់តាំងពីឆ្នាំ២០១៧ កសិករបានខឹងសម្បារ ជាមួយក្រុមហ៊ុន ជាច្រើនលើកច្រើនសារ រហូតដល់កសិករ បានប្តឹងមកអាជ្ញាធរ ជួយរកដំណោះស្រាយ ហើយអាជ្ញាធរក៏បានអញ្ជើញ ក្រុមហ៊ុន មកដោះស្រាយ នៅសង្កាត់ ក្រុមហ៊ុន សន្យាថាមិនអីទេ ប៉ុន្តែអ្វីៗនៅតែបន្តជាបញ្ហាដដែល ។ 

លោក យាត យម អាយុ ៤១ឆ្នាំ  រស់នៅភូមិអូរគន្ធរជើង សង្កាត់អូរគន្ធរ  បានឱ្យដឹងថា ក្រុមហ៊ុននេះ បានធ្វើអាជីវកម្មបូមទឹកស្រោចស្រពស្រូវប្រាំង របស់ប្រជាកសិករចំនួន ៤ភូមិ រួមមានភូមិព្រែកស្បូវ , ភូមិ បឹងលៀស , អូរគន្ធរជើង និងភូមិ អូរគន្ធរត្បូងរយៈមួយអាណត្តិ ១០ឆ្នាំមកហើយ ដោយកន្លងមក មិនបានគោរពកិច្ចសន្យា ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ទៅតាមសំណូមពរ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋបណ្តាលអោយស្រូវងាប់ ឬស្កក និងបានយកតម្លៃ សេវាទឹកខ្ពស់ ក្នុង១ហិកតាពី ១១០ទៅ១១៥ដុល្លារទៅតាមរដូវ។

តាមរបាយការណ៍ របស់សាលាសង្កាត់អូរគន្ធរ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១  ដែលបានគោរពជួន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ធំ  ដែលបានរាយការណ៍ ពីសកម្មភាព ផ្តល់សេវាទឹកជូន ដល់ប្រជាកសិករ នៅចំណុច អូរវ៉ាយ បានអោយដឹងថាកាលពីដើមឆ្នាំ២០១០ លោក គិត សៀប ដែលជាតំណាងរបស់ក្រុមហ៊ុន បូមទឹក របស់លោកហាក់ សុង បានមកទាក់ទងក្រុមប្រឹក្សាសង្កាត់ អូរគន្ធរ ដើម្បីស្នើសុំ រកស៊ី ដោយបូមទឹកពីស្ទឹងសែន ជូនកសិករ ធ្វើស្រែប្រាំង នៅចំណុច អូរវ៉ាយ រហូតដល់មាត់បឹងរៀលដែលមានផ្ទៃដីទំហំ ប្រមាណជាង២០០០ហិតតា ហើយអាជ្ញាធរ បានឯកភាព និងបានកោះអញ្ជើញ ប្រជាកសិករ មកប្រជុំជាច្រើនលើកច្រើនសារ ទើបពួកគាត់យល់ព្រម ហើយក៏បានធ្វើកិច្ចសន្យា ចុះថ្ងៃទី១៣ ខែខែកក្កដា ឆ្នាំ ២០១០ ហើយ ក្រុមហ៊ុនដាក់ជាគោលការណ៍ធានា ក្នុងការអភិវឌ្ឍ ផ្តល់ទឹកជូនប្រជាកសិករ អោយបានគ្រប់គ្រាន់ តែក្រុមហ៊ុន មិនបានអនុវត្តគ្រប់ជ្រុងជ្រោយឡើយ សូម្បីតែតម្លៃទឹក ក៏ពុំបានអនុវត្តដែរ ។ 

ក្រុមហ៊ុន មិនបានបូមទឹកជូន ប្រជាកសិករ គ្រប់គ្រាន់ឡើយធ្វើអោយកសិករ ខឹងសម្បារ ជាមួយក្រុមហ៊ុន ជាច្រើនលើកច្រើនសាររហូតដល់កសិករ បានប្តឹង មកអាជ្ញាធរ ហើយ អាជ្ញាធរ ក៏បានអញ្ជើញ ក្រុមហ៊ុនមកដោះស្រាយ នៅសង្កាត់ ក្រុមហ៊ុន សន្យាថាមិនអីទេ នៅពេលត្រឡប់ទៅវិញ មិនបានអនុវត្តតាម ការដោះស្រាយឡើយ នៅតែដដែលៗជាហេតុធ្វើអោយ កសិករចោទប្រកាន់ថាអាជ្ញាធរ ត្រូវរ៉ូវគ្នា ជាមួយក្រុមហ៊ុនទៀត ។

នៅក្នុងរបាយការណ៍ដដែល ក៏បានអោយដឹងទៀតថា  ដោយសារតែ ការដោះស្រាយនៅតែ មិនមានលទ្ធផល ហើយប្រជាកសិករមានការលំបាក ដោយខ្វះខាតទឹក ហើយនិងតម្លៃខុសពីក្នុងកិច្ចសន្យា ច្រើនពេក ទើបនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ ប្រជាកសិករប្រមាណ២០០គ្រួសារ បានផ្តិតមេដៃប្តឹង ទៅសាលាក្រុងស្ទឹងសែន ដើម្បីបញ្ឈប់ក្រុមហ៊ុន ហាក់សុង ឈប់អោយបូមទឹក ។ នៅក្នុងឆ្នាំ២០១៧ ដដែល កសិករ ក៏បានផ្តិតមេដៃប្តឹង ទៅសាលាកំពង់ធំទៀត ហើយ ត្រូវបានលោក ងួន សុជាតិ ចុះមកដោះស្រាយ នៅវត្តពៅពីសី តែការដោះស្រាយ ចាប់តាំងពីសង្កាត់ រហូតដល់ ថ្នាក់ខេត្ត ក្រុមហ៊ុននេះមិនបានកែប្រែ ដើម្បីអនុវត្តតាមគោលការណ៍ណាឡើយ ។ 

នៅក្នុងរបាយការណ៍សង្កាត់អូរគន្ធរ ក៏បានធ្វើការសន្និដ្ឋាន ថា ក្រុមហ៊ុនបូមទឹកខាងលើនេះ ធ្វើអោយកសិករ មួយចំនួនធំ រងទុក្ខវេទនា ក្នុងការខ្វះខាតទឹក ប្រើប្រាស់ ស្រោចស្រពស្រូវ ហើយបាត់បង់ផល អស់រយៈពេល ១០ឆ្នាំជាងមកហើយ ។ ប្រជាកសិករមិនបានអនុញ្ញាត អោយក្រុមនេះ បន្តបូមទឹកទៀតឡើយ ។ បើសិននៅតែក្រុមហ៊ុននេះ កសិករនឹងឡើងតវ៉ា ដល់ថ្នាក់លើ អោយបានខ្លាំងក្លា ។ នៅក្នុងរបាយការណ៍ ក៏បានបញ្ជាក់ថា ចំពោះការអនុញ្ញាត អោយក្រុមហ៊ុននោះធ្វើអាជីវកម្ម រយៈពេល១០ឆ្នាំទៀត ចាប់ពីឆ្នាំ ២០២១ក្រោយនេះ អាជ្ញាធរពុំបានដឹងឡើយ។

ប្រជាកសិករ បានសំណូមដល់ ឯកឧត្ដមអភិបាលខេត្ត ដែលជាឳពុកម្ដាយរបស់ប្រជាពលរដ្ឋ មេត្តាគិតគូរដល់ទុក្ខកំបាក របស់ពលរដ្ឋនិងមេត្តាពិចារណាឱ្យបានលម្អិតឡើងវិញ ចំពោះក្រុមហ៊ុនខាងលើនេះ ឬក៏ប្រកាសអោយមានការ ប្រកួតប្រជែង ឬដេញថ្លៃ ការផ្ដល់សេវាល្អនិងមិនកេងចំណេញហួសហេតុ បង្កជាទុក្ខលំបាក សម្រាប់ប្រជាកសិករ ។  ទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើនេះអង្គភាពយើង នៅមិនទាន់ទទួលបាន ការបញ្ជាក់ណាមួយ ពីភាគីខាងក្រុមហ៊ុន ឬអាជ្ញាធរថ្នាក់ខេត្តនោះឡើយ តើមានហេតុផលអ្វីខ្លះបានក្រុមហ៊ុន នៅតែមានសិទ្ធបន្ត១០ឆ្នាំទៀត ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *