ក្មេងប្រុសម្នាក់ ដែលបាត់កាលពីប៉ុន្មានថ្ងៃមុននោះ បានស្លាប់ហើយ

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ដែលត្រូវបាន ក្រុមគ្រួសារប្រកាសបាត់ពីផ្ទះ កាលពីប៉ុន្មានថ្ងៃមុននោះ ឥឡូវត្រូវបានគេ ប្រទះឃើញសាកសព កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅចំណុច ដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពកុមារារងគ្រោះ ឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានបាត់កាលពីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។ កុមារារងគ្រោះ ត្រូវគេសម្លាប់ ។ 

ប្រភពឱ្យដឹងថា នៅម៉ោង៣និង៣៥នាទីល្ងាច ថ្ងៃ៣១ កុមារារងគ្រោះ ជិះកង់លេង ក្នុងវត្តជ្រោយអំពិល រួចទុកកង់នៅទីនោះឡើងជិះម៉ូតូ១គ្រឿង (មិនស្គាល់ម៉ាក) ជាមួយមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ ចេញទៅបាត់។ រហូតដល់ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃដដែល ក្រុមគ្រួសារមិនឃើញទៅផ្ទះ ក៏ដើររកដល់វត្តជ្រោយអំពិល ឃើញកង់កុមារារងគ្រោះ ក៏មករាយការណ៍ប្តឹងសមត្ថកិច្ច។ 

បន្ទាប់មកសម្ថកិច្ច បានផ្សព្វផ្សាយ តាមផេកប្រតិកម្មរហ័ស ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ លុះដល់ថ្ងៃទី ០២ ក៏មានប្រជាពលរដ្ឋ ប្រទះឃើញ សពកុមារារងគ្រោះ នៅចំណុចកើតហេតុ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។ 

នគរបាល នៃការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ, អង្គការ CPU និង ឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ រកឃើញ ស្បែកជើង០១គូ (របស់កុមារារងគ្រោះ) និង សពកុមារារងគ្រោះ ឃើញស្នាមរហែក សន្ទះអញ្ចាញធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោម ទាំងសងខាង (ម្ខាង២)។ ការសន្និដ្ឋាន ៖ កុមារារងគ្រោះស្លាប់ដោយ សារប៉ះទង្គិចផ្ទៃមុខធ្ងន់ធ្ងរ ដោយគេវាយ ។ បច្ចុប្បន្ន សពប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *