រថយន្តកៀរម៉ូតូ បណ្ដាលបុរសម្នាក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បាន បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណៈជិះម៉ូតូ ត្រូវរថយន្តដឹកទំនិញ កៀររួចកិនពីលើ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយ មហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះ នៅមិនទាន់ ស្គាល់អត្តសញ្ញាណ នៅឡើយ មានវ័យ ប្រហែល៤០ឆ្នាំ សម្បុរស ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IF-9850 ចំណែករថយន្ត ម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម មានបិតឡូហ្គោ L-M-H (ក្រុមហ៊ុន ស៊ុន លី) ជារថយន្តឃ្លុប ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ3F-4369 បើកបរដោយបុរសម្នាក់ រត់គេចបាត់ ។ 

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញខាងម៉ូតូធ្វើដំណើរ តាមបណ្តោយ មហាវិថីឈ្នះឈ្នះ ក្នុងទិសដៅ ពីជើងទៅត្បូង រីឯរថយន្តបើកស្របទិសគ្នា ។ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្ត មកពីក្រោយ បានកៀរជាមួយម៉ូតូ បណ្តាលឲ្យដួល ខ្ទាតជនរងគ្រោះ ចូលកង់រថយន្ត ខាងក្រោយផ្នែកខាងស្តាំតែម្តង។ 

ក្រោយកើតហេតុ សម្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក នៅចរាចរណ៍ភ្នំពេញ រង់ចាំធ្វើការដោះស្រាយ តាមផ្លូវច្បាប់ រីឯសពជន សាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *