រថយន្តដឹកខ្សាច់ ប្រល័យនគរបាលម្នាក់ នៅចាក់អង្រែ

ភ្នំពេញ ៖ នគរបាលវ័យក្មេងម្នាក់ បានបាត់បង់ជីវិត និងរបួសប្រពន្ធនិងកូនតូច ខណៈជិះម៉ូតូ ត្រូវរថយន្តដឹកខ្សាច់ កៀររួចកិនពីលើកាលពី វេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃសៅរ៍ទី១ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខ បុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់ឌូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាមន្រ្តីប៉ូលីស ឋារន្តរសក័្តអនុសេនីយ៍ទោ អង្គភាព នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ រស់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មានស្រុកកំណើត ខេត្តកណ្តាល និងប្រពន្ធកូនតូច រងរបួសធ្ងន់ ។ 

ក្រុមរងគ្រោះ ជិះម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IN-2083  ចំណែករថយន្ត បង្កម៉ាក CAMC ពណ៌ស គ្មានស្លាកលេខ ជារថយន្តដឹកខ្សាច់ បើកបរដោយឈ្មោះ លី សុខផេង អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងការដ្ឋាន ជិតកន្លែងកើតហេតុ មានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ។ នគរបាលរូបនេះ ទើបចេញពីយាម គោលដៅបិទខ្ទប់ មកដឹកប្រពន្ធកូនទៅផ្ទះ ។ 

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ក្រុមរងគ្រោះ ( ប្ដីប្រពន្ធកូន) ជិះម៉ូតូតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង រីឯរថយន្ត បើកស្របទិសគ្នា លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្ត មកពីក្រោយ បត់ខាងស្តាំមិនប្រយ័ត្ន បានកៀរម៉ូតូបណ្តាលឲ្យដួល ហើយកិនជនរងគ្រោះតែម្ដង ។ បន្ទាប់មករថយន្តបង្ក បានព្យាយាមបើករត់ ចូលការដ្ឋាន ត្រូវបានពលរដ្ឋ ដេញតាមពីក្រោយទាន់ ក៏ហៅសមត្ថកិច្ចឃាត់ខ្លួនបាន ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក នៅចរាចរណ៍ភ្នំពេញ រង់ចាំធ្វើការដោះស្រាយ តាមផ្លូវច្បាប់ រីឯសព ប្រគល់ឲ្យសាច់ញាតិ មកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *