អ្នកដឹកអនឡាញ បុកនគរបាលម្នាក់រងរបួស នៅតំបន់ក្រហម

ភ្នំពេញ ៖ នគរបាលម្នាក់ បានរងរបួសត្រង់ជើងធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈកំពុងអនុវត្តវិធានការ នៅគោលដៅ តំបន់បិទខ្ទប់( ក្រហម ) ក៏ត្រូវអ្នកដឹកអនឡាញម្នាក់ ជិះជ្រុលមកបុក កាលពីវេលាម៉ោងប្រមាណ៦និង១០នាទីព្រលប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នៅចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សុខ ពន្លឺ អាយុ២៧ឆ្នាំ ជាមន្ត្រីផ្នែកអន្តរាគមន៍ពិសេស នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ឈរជើងគោលដៅតំបន់បិទខ្ទប់នេះ បានរងរបួសជើងធ្ងន់ធ្ងរ រីឯជនបង្កមានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ឆ្នាំ ជាបុគ្គលិក foodpanda ផ្នែកដឹកជញ្ជូនដោយម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ តាមនីតិវិធី ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាមុនកើតហេតុ បុគ្គលិកដឹកជញ្ជូនខាងលើ បានជិះម៉ូតូម៉ាក GBXពណ៌ក្រហម យ៉ាងលឿន ពីចម្ងាយបំណងឆ្លងកាត់គោលដៅ ត្រួតពិនិត្យរបស់សមត្ថកិច្ច ជាហេតុធ្វើអោយនគរបាល ដែលកំពុងឈរត្រៀបត្រាលើដងផ្លូវ បានស្រែកអោយឈប់ តែជនបង្កមិនឈប់ ក៏ជ្រុលចង្កូតទៅបុក នគរបាលរងគ្រោះ ចំជើងខាងស្តាំ រងរបួសធ្ងន់តែម្ដង  ។ 

ភ្លាមៗជនបង្ក ត្រូវបានឃាត់ខ្លួន រីឯនគរបាលរងគ្រោះ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពហុព្យាបាល និងសម្ភព ម្លឹះ ដង្កោ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងខណ្ឌដង្កោ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *