បើកបរឡាន ដាក់កូនពីមុខ កូនទាញដៃចង្កូត រេទៅបុករបាំងថ្ម រងរបួស៣នាក់

ភ្នំពេញ ៖ រថយន្តមួយគ្រឿង បានរងការខូចខាត និងមនុស្ស៣នាក់ បានរងរបួស ខណៈបើកបររថយន្ត ដាក់កូនតូចពីមុខ កូនបានទាញចង្កូត រេទៅបុករបាំងថ្ម កាលពីវេលា ម៉ោង៧និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុច ជាប់របងសាលារៀន បឹងត្របែក មហាវថីព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

រថយន្តបង្កម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0534 បើកបរដោយស្រ្តីម្នាក់ រួមដំណើរមនុស្ស៣នាក់ ( ឳពុក, ម្ដាយ និងកូនតូច ) រងរបួសសមល្មម៣នាក់ ( អ្នកបើកបរនិងឳពុកម្ដាយ ) និងរបាំងថ្ម បែងចែកទ្រូងផ្លូវ បាក់អស់១កង់ រីឯរថយន្តរងការខូចខាត ផ្នែកខាងមុខធ្ងន់ធ្ងរ ។ 

តាមសម្ដីស្រ្តីអ្នកបើកបរបាននិយាយថា មុនពេលកើតហេតុ គាត់ ធ្វើដំណើរតាមបណ្ដោយ មហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុ កូនតូចនៅពីមុខ បានទាញដៃចង្កូត រេទៅបុករបាំងថ្ម  បណ្ដាលឲ្យគាត់រងរបួសជើង និងឪពុករបស់គាត់ រងរបួសត្រូវដើមទ្រូង និងម្ដាយរបស់គាត់ត្រូវដៃ តែមិនធ្ងន់ធ្ងរនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងស្ទូចយករថយន្ត ទៅរក្សាទុក នៅចរាចរណ៍ភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *