សម្ដេចតេជោហ៊ុនសែន កោតសរសើរចំពោះ អ្នកសារព័ត៌មានទាំងអស់ ដែលខិតខំ បំពេញការងារ យ៉ាងសកម្ម ផ្ដល់ព័ត៌មានពិត និងរហ័សដល់សង្គម

ភ្នំពេញ  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ ដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះ ស្ថាប័នសារព័ត៌មាន និងបងប្អូន សារព័ត៌មានទាំងអស់ ដែលបានខិតខំ ចូលរួម បំពេញការងារជូនសង្គម និងប្រទេសជាតិ នាពេលកន្លងមក ទោះបីសភាពការណ៍ នៅលើសកលលោក ក៏ដូចប្រទេសយើងកំពុងប្រឈម ការឆ្លងរាលដាល នៃជំងឺកូវីដ~១៩ ក្នុងសហគមន៍យ៉ាងណាក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មាន ខិតខំពុះពារ ជំនះរាល់ឧបសគ្គប្រឈម និងគ្រោះថ្នាក់ បំពេញការងារ យ៉ាងសកម្ម ក្នុងការផ្សាយព័ត៌មាន ជូនសាធារណជន បានយល់ដឹង ពីស្ថានការណ៍ពិត  

ស្ថិតក្នុង កាលៈទេសៈដ៏លំបាក និងគ្រោះថ្នាក់នេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី សូមឱ្យសារព័ត៌មានទាំងអស់ បន្តខិតខំប្រឹងប្រែង ក្នុងការផ្ដល់ព័ត៌មានពិត ទៅកាន់ប្រជាពលរដ្ឋ ជាពិសេស ផ្សព្វផ្សាយពន្យល់សារអប់រំ និងវិធានការបង្កាជំងឺឆ្លងកូវីដ~១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងវិធានការ របស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ប្រជាពលរដ្ឋ មិនអោយចេញពីផ្ទះ នៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារ អាយុជីវិតប្រជាពលរដ្ឋ និង កាត់ផ្ដាច់ការឆ្លង រាលដាល ជំងឺកូវីដ~១៩ ចូលក្នុងសហគមន៍ ឈានទៅបញ្ចប់ ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ឱ្យបានឆាប់ ក្នុងពេលដ៏ខ្លីខាងមុខ ។

ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹក ដល់អ្នកសារព័ត៌មានទាំងអស់ បន្តប្រកាន់ភ្ជាប់ឱ្យបាន នូវក្រមសីលធម៌និងវិជ្ជាជីវៈ ។ ជាពិសេសប្រយុទ្ធប្រឆាំងដាច់ខាត ចំពោះជនផ្សព្វផ្សាយ ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញុង និងជនទុច្ចរិត ដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ជ្រកក្រោមស្លាកសារព័ត៌មាន ធ្វើសកម្មភាពខុសច្បាប់ ធ្វើអោយប៉ះពាល់កិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន គឺមិនអាចអត់ឱនបានឡើយ ។

សេចក្ដីលម្អិត សូមអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស « ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ « ផលប្រយោជន៍ នៃព័ត៌មាន ចំពោះសាធារណៈជន » ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *