ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន១២កញ្ចប់ នៅស្រុកកៀនស្វាយ

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន១២ កញ្ចប់ កាលពីថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង២និង៤០នាទីរសៀល នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ វណ្ណៈ ឧត្តម ហៅសាយ ឧត្តម ភេទប្រុសអាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀននៅក្នុងទឹកនោម ។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក ចំនួន១២កញ្ចប់ (ធំ០១កញ្ចប់តូច១១កញ្ចប់)និងសម្ភារប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបន្តថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចរោងទុកចោលមួយកន្លែង ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ភ្លាម ,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ សហការជាមួយកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យឈ្មោះ វណ្ណៈ ឧត្តម ហៅសាយ ឧត្តម ហើយដកហូតវត្ថុតាងថ្នាំញៀនចំនួន១២កញ្ចប់ រួចសមត្ថកិច្ចបានយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។

ក្រោយពីសួរនាំរួច នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យឈ្មោះវណ្ណៈ ឧត្តម បានសារភាពថា«ថ្នាំញៀនចំនួន១២កញ្ចប់ខាងលើគឺជារបស់ខ្លួនប្រាកដមែន ហើយថ្នាំញៀននេះខ្លួនបានទិញពីឈ្មោះ ធុយ ភេទប្រុស អាយុប្រហែល៤១ឆ្នាំ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  ចំនូន០១កញ្ចប់ធំតម្លៃសាមសិបម៉ឺនរៀល យកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត»។

ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *