ស្ថាប័នពិភពលោក សារភាពពីភាពបរាជ័យ ក្នុងការផ្តល់ជំនួយដល់ស៊ីរី

បរទេស ៖ អង្គការសហប្រជាជាតិ(អ.ស.ប.)បានប្រកាសទទួលស្គាល់កាលពីថ្ងៃអាទិត្យទី១២កុម្ភៈឆ្នាំ២០២៣ ចំពោះការបរាជ័យ ក្នុងការផ្តល់ជំនួយដែលត្រូវការយ៉ាងខ្លាំងទៅកាន់តំបន់ហែកហួរដោយសង្គ្រាមនៃប្រទេសស៊ីរី ខណៈព្រមានថា ចំនួនអ្នកស្លាប់កើនជាង ៣៣.០០០ នាក់ ពីគ្រោះរញ្ជួយដីដែលបានវាយប្រហារស៊ីរីនិងតួកគីដែរនោះ នឹងកើនឡើងខ្ពស់ជាងនេះទៅទៀត។

គេឃើញក្បួនរថយន្តរបស់អ.ស.ប. ដែលមានគ្រឿងផ្គត់ផ្គង់សម្រាប់ស៊ីរីភាគពាយព្យបានមកដល់តាមរយៈប្រទេសតួកគី ប៉ុន្តែលោក ម៉ាទីន ហ្គ្រីហ្វហ្វ៊ីត (Martin Griffiths) ប្រធានទីភ្នាក់ងារផ្តល់ជំនួយបាននិយាយថា «ជំនួយច្រើនទៀតគឺត្រូវការចាំបាច់សម្រាប់មនុស្សរាប់លាននាក់ ដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ»។

លោកហ្គ្រីហ្វហ្វ៊ីត បាននិយាយនៅលើ Twitter ថា «រហូតមកដល់ពេលនេះ ពួកយើងបានបរាជ័យចំពោះប្រជាជននៅភាគពាយព្យប្រទេសស៊ីរីហើយ។ ពួកគេច្បាស់ជាមានអារម្មណ៍ត្រូវគេបោះបង់ចោល។ ខំព្យាយាមស្វែងរកជំនួយអន្តរជាតិ ដែលមិនទាន់មកដល់»។

ចំពោះការវាយតម្លៃការខូចខាតនៅភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃសៅរ៍ នៅពេលដែលចំនួនអ្នកស្លាប់មានចំនួន២៨.០០០ នាក់ លោកហ្គ្រីហ្វហ្វ៊ីតបានប្រាប់ Sky News ថា«លោករំពឹងចំនួនអ្នកស្លាប់នឹង កើនឡើងទ្វេដងដោយសារតែឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិតកាត់តែថយចុះ ទៅតាមថ្ងៃដែលកន្លងទៅ»។

ឯការផ្គត់ផ្គង់ជំនួយមានភាពយឺតយ៉ាវចំពោះស៊ីរី កន្លែងដែលជម្លោះជាច្រើនឆ្នាំបានបំផ្លាញប្រព័ន្ធថែទាំសុខភាព ហើយផ្នែកខ្លះនៃប្រទេសនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម ដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់អាសាត ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

បើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ក្បួនរថយន្តចំនួន ១០ គ្រឿងរបស់អ.ស.ប.បានឆ្លងកាត់ទៅកាន់ភាគពាយព្យប្រទេសស៊ីរីតាមច្រកព្រំដែនបាបអាល់ហាវ៉ា (Bab al-Hawa) ដោយផ្ទុកនូវសម្ភារសម្រាប់ទីជម្រក រួមមាន ក្រណាត់កៅស៊ូ ខ្សែពួរ វីស និងដែកគោល ព្រមទាំងភួយ ពូក និងកំរាលព្រំផងដែរ។

តំបន់បាបអាល់ហាវ៉ា គឺជាចំណុចតែមួយគត់សម្រាប់ជំនួយអន្តរជាតិទៅដល់ ដែលប្រជាជននៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៃប្រទេសស៊ីរី បន្ទាប់ពីសង្គ្រាមស៊ីវិលជិត ១២ ឆ្នាំ ចាប់តាំងពីច្រកឆ្លងកាត់ផ្សេងទៀតត្រូវបានបិទក្រោមសម្ពាធពីចិននិងរុស្ស៊ី។

ប្រធានអង្គការសុខភាពពិភពលោក បានជួបលោកអាសាតក្នុងទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ ហើយបាននិយាយថាមេដឹកនាំស៊ីរីបានសម្តែងការត្រៀមខ្លួនសម្រាប់ការឆ្លងកាត់ព្រំដែនបន្ថែមទៀតដើម្បីជួយនាំយកជំនួយទៅកាន់ភាគពាយព្យដែលកាន់កាប់ដោយក្រុមឧទ្ទាម។

ប្រមុខ WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់អ្នកយកព័ត៌មានថា «គាត់បើកចំហដើម្បីពិចារណាចំណុចឆ្លងកាត់ព្រំដែនបន្ថែមសម្រាប់ជំនួយសង្គ្រោះបន្ទាន់»៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *