ការស្វែងរកអ្នកនៅរស់ពីរញ្ជួយដីឈានចូលដល់«ម៉ោងចុងក្រោយ»នៅតួកគីនិងស៊ីរី

បរទេស ៖ ក្រុមសង្គ្រោះដែលស្វែងរកអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគីនិងស៊ីរី បានឈានចូលដល់ម៉ោងចុងក្រោយកាលពីថ្ងៃចន្ទទី១៣កុម្ភៈ ឆ្នាំ២០២៣ ខណៈក្រុមអ្នកជួយសង្គ្រោះដែលប្រើឆ្កែហិតក្លិននិងកាមេរ៉ាស្ទង់កម្ដៅបានត្រួតពិនិត្យមើលតាមប្លុកផ្ទះល្វែងដែលដួលរលំសម្រាប់សញ្ញានៃជីវិត គឺមួយសប្តាហ៍ បន្ទាប់ពីគ្រោះមហន្តរាយនេះបានកើតឡើង។

បុគ្គលិកក្រុមសង្គ្រោះនៅក្នុងខេត្តហាតាយ (Hatay) ភាគខាងត្បូងប្រទេសតួកគីបានអបអរសាទរនិងទះដៃ ខណៈក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ដែលគេស្គាល់ត្រឹមឈ្មោះថា កាអាន (Kaan) ត្រូវបានទាញចេញពីគំនរបាក់បែកចុងក្រោយ។

ចំណែកនៅក្នុងខេត្តហ្គាហ្ស៊ីយ៉ានថេប (Gaziantep) ក្រុមអ្នកជួយសង្គ្រោះ រួមទាំងអ្នកជីករ៉ែធ្យូងថ្ម ដែលធានាសុវត្ថិភាពផ្លូវរូងក្រោមដីដោយទម្រឈើ បានរកឃើញស្ត្រីម្នាក់ នៅរស់ក្នុងគំនរបាក់បែកនៃអគារកម្ពស់៥ជាន់។

រឿងរ៉ាវនៃការជួយសង្គ្រោះបែបនេះបានជោរជន់ពេញរលកធាតុអាកាស ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ប៉ុន្តែអ្នកជំនាញនិយាយថា «ពេលវេលាសម្រាប់ការជួយសង្គ្រោះជិតអស់ហើយ ដោយសារតែរយៈពេលដែលបានកន្លងផុតទៅសីតុណ្ហភាពធ្លាក់ចុះដល់ដក ៦ អង្សាសេ និងភាពធ្ងន់ធ្ងរនៃអគារដួលរលំ»។

ការរញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័រ និងរលករញ្ជួយជាច្រើនទៀតបានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសតួកគីនិងភាគខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ២០២៣ ដោយរំលំទីក្រុងនិងទីប្រជុំជនជាច្រើន។ ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ៣៥.០០០ នាក់។

ចំណែកទូរទស្សន៍ HaberTurk បានរាយការណ៍ថា នៅតំបន់ខ្លះ អ្នករុករកបានដាក់ស្លាកសញ្ញាថា «គ្មានសំឡេង» នៅពីមុខអគារដែលពួកគេបានពិនិត្យរកមើលសញ្ញាអ្នកនៅរស់រានមានជីវិតនៅខាងក្នុង។

អ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press នៅទីក្រុងអាឌីយ៉ាម៉ាន (Adiyaman) បានឃើញស្លាកសញ្ញាមួយគូនៅលើបន្ទះបេតុងនៅពីមុខបំណែកអគារ ដែលបង្ហាញថា «អ្នកជំនាញបានត្រួតពិនិត្យវារួចហើយ»។

ឯនៅទីក្រុងអានតាក់យ៉ា (Antakya) ប្រជាជនបានបន្សល់ទុកស្លាកសញ្ញាបង្ហាញលេខទូរសព្ទរបស់ពួកគេ ហើយសុំឱ្យក្រុមរុករកទាក់ទងពួកគេ ប្រសិនបើពួកគេបានរកឃើញសាកសពណាមួយនៅក្នុងគំនរបាក់បែក។

ការខូចខាតផ្នែកហិរញ្ញវត្ថុនៃរញ្ជួយដីនៅប្រទេសតួកគីតែឯងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៨៤,១ ពាន់លានដុល្លារ នេះបើយោងតាមសហគ្រាសតួកគីនិងសហព័ន្ធពាណិជ្ជកម្ម ដែលជាអង្គការអាជីវកម្មមិនមែនរដ្ឋាភិបាល៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *