ក្រុមហ៊ុនយក្សឥណ្ឌា បញ្ជាទិញយន្តហោះ Airbus និង Boeing ៤៩៥ គ្រឿង

បរទេស ៖ យន្តហោះចំនួន ៤៧០ គ្រឿង ត្រូវបានក្រុមហ៊ុន Air India បង្ហាញកិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារទី១៤កុម្ភៈឆ្នាំ២០២៣ បានបំបែកឯតទគ្គកម្មពីក្រុមហ៊ុន Airbus និង Boeing ដោយបង្កើនល្បឿននៃការចាប់កំណើតឡើងវិញនៃនិមិត្តសញ្ញាជាតិក្រោមម្ចាស់ថ្មីគឺក្រុមហ៊ុន Tata Group ខណៈអឺរ៉ុបនិងសហរដ្ឋអាមេរិក អបអរសាទរទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយកាន់តែស៊ីជម្រៅជាមួយរដ្ឋាភិបាលក្រុងញូវដេល្លី។

ក្នុងកិច្ចព្រមព្រៀងបណ្ដោះអាសន្ននេះរួមមាន យន្តហោះចំនួន ២២០ គ្រឿងពីក្រុមហ៊ុន Boeing និង ២៥០ គ្រឿងពីក្រុមហ៊ុន Airbus និងបំបែកឯតទគ្គកម្មពីមុនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍តែមួយ ខណៈក្រុមហ៊ុន Air India កំពុងប្រជែងជាមួយក្រុមហ៊ុនយក្សក្នុងស្រុក គឺ IndiGo ដើម្បីបម្រើប្រជាជន ដែលនឹងមានចំនួនច្រើនជាងគេ នៅលើពិភពលោកនាពេលឆាប់ៗ។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានហៅកិច្ចព្រមព្រៀងនេះថា ប្រវត្តិសាស្ត្រ ហើយបានពិភាក្សាគ្នាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ជាផ្នែកនៃប្រតិកម្មកម្រិតខ្ពស់ជាហូរហែ ខណៈទំហំនៃតម្រូវការរបស់ឥណ្ឌាបានផ្តល់នូវប្រាក់កម្រៃដ៏កម្រសម្រាប់ក្រុមហ៊ុនផលិតយន្តហោះយក្សជាគូប្រជែងទាំងពីរ នៅក្នុងឧស្សាហកម្មមួយ ដែលអ្នកឈ្នះរមែងដណ្តើមយកទីផ្សារទាំងអស់។

លោក អិន ចាន់ដ្រាសេការ៉ាន (N Chandrasekaran) ប្រធានក្រុមហ៊ុន Tata បាននិយាយថា ការបញ្ជាទិញយន្តហោះរបស់ Airbus រួមមានយន្តហោះ A320neo ចំនួន ២១០ គ្រឿង និងយន្តហោះ A350 តួធំ ៤០ គ្រឿងដែលក្រុមហ៊ុន Air India នឹងប្រើប្រាស់ដើម្បីហោះហើរផ្លូវឆ្ងាយ។

ចំពោះក្រុមហ៊ុន Boeing នឹងផ្គត់ផ្គង់យន្តហោះ 737 MAX ចំនួន ១៩០ គ្រឿង យន្តហោះ 787 Dreamliner ចំនួន២០ គ្រឿង និង យន្តហោះខ្នាតតូច 777X ចំនួន ១០ គ្រឿង។ ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Airbus បាននិយាយថា បូករួមទាំងយន្តហោះ Airbus ដែលត្រូវជួលចំនួន ២៥​ គ្រឿងទៀត លទ្ធកម្មសរុបនឹងមានចំនួន ៤៩៥ គ្រឿង៕ ( ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *