មានទំនាស់គ្នាចំថ្ងៃទិវានៃក្តីស្រឡាញ់ ប្តីយកកាំបិតចាក់ប្រពន្ធឱ្យរបួស

ភ្នំពេញ ៖ ខណៈលើបណ្តាញសង្គម មានបងបងប្អូនប្រជាពលរដ្ឋជូនពរ និង ជូនកាដូ ក្នុងទិវានៃក្តីស្រឡាញ់ព្រោងព្រាតមានគ្រួសារមួយបែរជាប្រើអំពើហិង្សាក្នុងគ្រួសារ ដោយបុរសជាប្តីប្រើកូនកាំបិតចាក់ប្រពន្ធឱ្យរបួស បង្កការភ្ញាក់ផ្អើលនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៣ម៉ោង១និង៣០នាទីរសៀល ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះផន នីន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្កា ។ ចំណែកជនសង្ស័យឈ្មោះចែត ហៃភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ផ្កា ទាំង២នាក់ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងនៅផ្ទះកើតហេតុ ពេលនោះជនសង្ស័យដើរយកផ្កាម្លិះមកដល់ផ្ទះរួចជនរងគ្រោះសួរថា «ផ្ការបស់អ្នកណា? », ជនសង្ស័យឆ្លើយថា «មិនបាច់សួរនាំទេ!» ហើយក៏ទាស់ពាក្យសម្តីគ្នាស្រាប់តែជនសង្ស័យស្ទុះទះជនរងគ្រោះ១កំផ្លៀង និងយកកូនកាំបិតចាក់ត្រូវចំចង្កេះ រួចក៏មកដាក់ពាក្យបណ្តឹង។ 

បន្ទាប់មកសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុខាងលើ រួមនឹងវត្ថុតាងកូនកាំបិតមួយ(ធ្វើសកម្មភាព) រួចបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី សាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *