ឆក់យកទូរសព្ទដៃបានសម្រេចកាលពីខែមុន ទើបនឹងចាប់ខ្លួនបាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី១៤កុម្ភៈឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកទូរសព្ទដៃមួយគ្រឿងបានសម្រេច នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៣មករាឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ប៊ុន ចាន់វឌ្ឍនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ទី រិទ្ធយ៉ាភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល ០២ឆ្នាំកន្លះ ក្នុងឆ្នាំ២០១៨ ពីបទ «លួចមានស្ថានទម្ងន់ទោស (ឆក់)»។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏លើកទូរសព្ទដៃម៉ាក iPhone ១១Pro-Max ពណ៌ខៀវ (ប្រើលេខ ០៩៣៧៧៣៣..) មកឆែកមើល ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ ទី រិទ្ធយ៉ានិងបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1H-5512 មកពីក្រោយអែបខាងឆ្វេងធ្វើសកម្មភាពឆក់យកទូរសព្ទពីដៃជនរងគ្រោះម៉ាកខាងលើបានសម្រេចជិះគេចខ្លួន។ 

សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី ១៤កុម្ភៈឆ្នាំ២០២៣ ម៉ោង៣និង៣០នាទី រសៀលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទី រិទ្ធយ៉ា នៅភូមិកើតហេតុខាងលើ រួមនឹងវត្ថុតាងម៉ូតូ០១ គ្រឿងម៉ាកខាងលើដែលជិះធ្វើសកម្មភាព រួចបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ១ សាកសួរ។ ចំណែកបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី ៕ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *