បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ គាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានគាំងបេះដូងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបុរីដួងច័ន្ទក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បុរសជនជាតិឥណ្ឌូនេស៊ី ឈ្មោះ SAMUEL IVAN JULIO   អាយុ៣០ឆ្នាំកាន់លិខិតឆ្លងដែនលេខ C២១០៧៤៣០  ស្នាក់នៅបណ្តោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមការបំភ្លឺពីឈ្មោះ EGA ANDREA ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខC៩៦៣៩៥៥៤ ត្រូវជាមិត្តភក្តិស្នាក់នៅបន្ទប់ជាមួយគ្នា ជាសាក្សីដឹងឮនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា«គាត់មកបម្រើការងារក្នុងក្រុងប៉ោយប៉ែត បានរយៈពេលប្រហែលចំនួន ៧ ខែមកហើយ និងបានស្នាក់នៅជាមួយឈ្មោះ SAMUEL IVAN JULIO (សាកសព) នៅក្នុងបុរីដួងច័ន្ទ ស្ថិត ក្នុងភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ 

សាក្សីបន្តថា តាមដែលគាត់ដឹងនៅប្រហែល ២សប្តាហ៍មុន (សព)គាត់បានប្រាប់ខ្ញុំថា ឈឺដើមទ្រូង និងថប់ៗ ពិបាកដកដង្ហើម ។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោងប្រហែល ៧ ព្រឹក គាត់បានងើបពីដេក ហើយបានប្រាប់ខ្ញុំថា គាត់ឈឺដើមទ្រូង ពិបាកដកដង្ហើម ។ បន្ទាប់មកគាត់ក៌បានចូលទៅសម្រាកវិញ ហើយខ្ញុំបានចុះទៅផ្ទះបាយនិងប្រាប់មិត្តភក្តិផ្សេងទៀតឱ្យដឹងពីស្ថានភាពជំងឺរបស់គាត់។

សាក្សីដដែលបន្តថា លុះដល់វេលាម៉ោងប្រហែល ៩ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ខ្ញុំបាទបានទៅដាស់គាត់ស្រាប់តែពេលនោះ គាត់បានដេកស្តូកស្តឹង ពុំដឹងខ្លួនទេ ហើយខ្ញុំបានស្រែកប្រាប់មិត្តភក្តិឱ្យមកជួយ និងដឹកគាត់តាមម៉ូតូកង់បី យកមកសង្គ្រោះនៅពេទ្យ ចាស្មីន។ ពេលមកដល់ពេទ្យចាស្មីន គ្រូពេទ្យពុំទទួលមើលទេ បន្ទាប់មកគាត់ក៏បានអោយខ្ញុំដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតវិញ ។ពេលមកដល់មន្ទីរបង្អែកប៉ោយប៉ែតប្រហែលជាម៉ោង ១០ ព្រឹក លោកគ្រូពេទ្យបានពិនិត្យជីបចរ និងធ្វើចលនាបេះដូង ប៉ុនែ្តមិនអាចជួយសង្គ្រោះបានទេហើយបានប្រាប់ខ្ញុំថា «គាត់បានស្លាប់បាត់ហើយ»។

នគរបាលបានបញ្ជាក់ថា ៖ នៅវេលាម៉ោង ១១ និង ៥២ នាទីព្រឹក ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចចម្រុះបានចុះធ្វើកោសល្យពិច័យ ហើយបានសន្និដ្ឋានថា«ឈ្មោះ SAMUEL  IVAN  JULIO ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិ ឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ C ២១០៧៤៣០ បានស្លាប់ដោយសារជំងឺគាំងបេះដូង ពុំពាក់ព័ន្ធនឹងអំពើឃាតកម្មឬអត្តឃាតឡើយ»។

នគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់បន្ថែមទៀតថា ដោយមានការស្នើសុំពីម្តាយបង្កើត សពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *