ក្រុមរុករកតួកគីបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះ ខណៈលោកប្លីងកិន សន្យាផ្តល់ជំនួយថ្មី១០០លានដុល្លារ

បរទេស ៖ ក្រុមរុករកប្រទេសតួកគីកាលពីថ្ងៃអាទិត្យទី១៩កុម្ភៈឆ្នាំ២០២៣ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះ បន្ទាប់ពីរញ្ជួយដីដ៏សាហាវកាលពីសប្តាហ៍មុន បានបញ្ចប់នៅក្នុងខេត្តទាំងអស់ លើកលែងតែខេត្តចំនួនពីរ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អានថូនី ប្លីងកិន ដែលកំពុងបំពេញទស្សនកិច្ច បានប្រកាសជំនួយមនុស្សធម៌ថ្មី ចំនួន១០០ លានដុល្លារ។

ការរញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័រ ដែលបានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្លាប់មនុស្សជាង ៤៤.០០០ នាក់ ជាមួយនឹងលទ្ធភាពនៃការស្វែងរកអ្នកនៅរស់រានមានជីវិតគឺមានតិចបំផុតក្រោយរញ្ជួយដីពីរសប្តាហ៍មកនេះ។

លោក យូនូស សេហ្សឺ (Yunus Sezer) ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយ កាលពីថ្ងៃអាទិត្យបាននិយាយថា «កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះត្រូវបានបញ្ចប់នៅក្នុងខេត្តទាំងអស់ លើកលែងតែខេត្តហាតាយ (Hatay) និងខេត្តការ៉ាម៉ានម៉ារ៉ាស (Kahramanmaras) ដែលជាចំណុចកណ្តាលនៃរញ្ជួយដី»។

លោកសេហ្សឺបានបន្តថា កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះបានបន្តនៅអគារប្រហែល ៤០ នៅក្នុងខេត្តទាំងពីរនៅថ្ងៃទី ១៤ កុម្ភៈ នៃរញ្ជួយដី ,ប៉ុន្តែរំពឹងថាចំនួនស្វែងរកនឹងថយចុះនៅយប់ថ្ងៃអាទិត្យទី១៩កុម្ភៈឆ្នាំ២០២៣។

ប្រធានទីភ្នាក់ងាររូបនេះក៏បាននិយាយដែរថា ចំនួនអ្នកស្លាប់នៅតួកគីបានកើនឡើងដល់ ៤០.៦៨៩ នាក់។ ចំនួនអ្នកស្លាប់សរុបរួមទាំងស៊ីរីឥឡូវនេះមាន ៤៤.៣៧៧ នាក់៕ ប្រែសម្រួលដោយ លោកសំណាង

Leave a Reply

Your email address will not be published. Required fields are marked *