ឃាត់ជនសង្ស័យជនជាតិវៀតណាមម្នាក់ លួចដែកចំរឹងរបង នៅភោជនីយដ្ឋានភូមិគ្រឹះទន្លេ

ភ្នំពេញ ៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ ចំណោម៣នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននាថ្ងៃទី២៣កុម្ភៈបន្ទាប់ពីបានធ្វើសកម្មភាព លួចដែកចំរឹងរបង នៅភោជនីយដ្ឋានភូមិគ្រឹះទន្លេ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០២៣ ម៉ោង១១និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ គង់ ម៉ាណែត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ១២០ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងគូ ភេទប្រុស អាយុ២០ឆ្នាំជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោទ្វាររបងភោជនីយដ្ឋានភូមិគ្រឹះទន្លេ (ចំណុចកើតហេតុ) រួចទៅដេកផ្ទះផ្សេង ,ស្រាប់តែមានជនសង្ស័យ ០៣នាក់ ឈ្មោះ ង្វៀង យ៉ាំងគូ, ឈ្មោះ ភឿង និងឈ្មោះ កៀតដើរមកកន្លែងកើត ហេតុ រួចនាំគ្នាយកដែកគាស់បំបាក់ចំរឹងដែករបងភៅជនីយដ្ឋានខាងលើបានចំនួន ៨ដើម គេចខ្លួនយកទៅលក់ឱ្យគេបានប្រាក់៨ម៉ឺនរៀល ចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ 

លុះដល់ថ្ងៃទី ២៣កុម្ភៈ ឆ្នាំ២០២៣ ម៉ោង១៤និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ង្វៀង យ៉ាំងគូនៅភូមិកើតហេតុខាងលើ រួចបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធ សាកសួរ។ ចំណែកបក្ខពួក ០២នាក់ទៀត ឈ្មោះ ភឿងនិងឈ្មោះ កៀត គេចខ្លួនបាត់។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី ៕ដោយធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *