ស៊ីរី ថ្កោលទោសទស្សនកិច្ចរបស់ ឧត្តមសេនីយ៍អាមេរិក ទៅកាន់ភាគឦសាន ដែលកាន់កាប់ដោយពួកឃឺដ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ស៊ីរី បាននិយាយថា ក្រសួងការបរទេសរបស់ស៊ីរី កាលពីថ្ងៃអាទិត្យទី៥មីនាឆ្នាំ២០២៣ បានថ្កោលទោសដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់មន្ត្រីយោធាកំពូលរបស់អាមេរិក ទៅកាន់មូលដ្ឋានទ័ពមួយនៅភាគឦសានដែលកាន់កាប់ដោយជនជាតិឃឺដ ដោយហៅវាថា «ខុសច្បាប់»។

នាយអគ្គសេនាធិការចម្រុះលោក ម៉ាក មីលលី (Mark Milley) កាលពីថ្ងៃសៅរ៍ បានជួបជាមួយទាហានអាមេរិកដែលឈរជើងនៅក្នុងតំបន់នៃប្រទេសស៊ីរី ដែលហែកហួរដោយសង្រ្គាម ក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយ ជនជាតិឃឺដ។

មានទាហានអាមេរិកប្រហែល ៩០០ នាក់ ត្រូវបានដាក់ពង្រាយនៅតាមមូលដ្ឋាននិងប៉ុស្តិ៍យាមជាច្រើននៅទូទាំងភាគឦសានប្រទេសស៊ីរី ដែលជាផ្នែកនៃការប្រយុទ្ធប្រឆាំងនឹងកូនចៅសេសសល់របស់ក្រុមរដ្ឋអ៊ីស្លាម។

ចំណែកទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA បានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសដោយនិយាយថា «ស៊ីរីថ្កោលទោសយ៉ាងដាច់អហង្ការចំពោះដំណើរទស្សនកិច្ចខុសច្បាប់របស់នាយអគ្គសេនាធិការអាមេរិក ទៅកាន់មូលដ្ឋានយោធាអាមេរិកខុសច្បាប់នៅភាគឦសានប្រទេសស៊ីរី»។

មន្ត្រីដដែលបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកមីលលីគឺជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីស៊ីរី ដោយអំពាវនាវឱ្យ «រដ្ឋបាលអាមេរិកបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានច្បាប់អន្តរជាតិជាប្រព័ន្ធនិងជាបន្តរបស់ខ្លួន និងការគាំទ្រដល់ក្រុមប្រដាប់អាវុធបំបែកខ្លួន»។

ចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី បាសា អាល់អាសសាដ (Bashar al-Assad) ចាត់ទុកការដាក់ពង្រាយកងកម្លាំងអាមេរិកនៅក្នុងទឹកដីដែលគ្រប់គ្រងដោយ SDF ថាជា ការកាន់កាប់ ហើយបានចោទប្រកាន់កងកម្លាំងឃឺដដែលចូលបក្សសម្ពន្ធរបស់អាមេរិកថាមាន និន្នាការផ្តាច់ខ្លួន ។

ចំណែកក្រុមមន្ត្រីឃឺដបានបដិសេធរាល់សេចក្តីប្រាថ្នាចង់បំបែកខ្លួន ហើយនិយាយថា ពួកគេព្យាយាមថែរក្សាការគ្រប់គ្រងដោយខ្លួនឯង ដែលរដ្ឋាភិបាលក្រុងដាម៉ាសមិនទទួលស្គាល់។

អ្នកនាំពាក្យរបស់ លោកមីលលី លោក ដេវ បាត់ត្លឺ (Dave Butler) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា«លោកឧត្តមសេនីយ៍អាមេរិករូបនេះ បានធ្វើទស្សនកិច្ចនៅភាគឦសានប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍…ដើម្បីជួបជាមួយមេបញ្ជាការនិងកងទ័ព ។ វាក៏ជាទស្សនកិច្ចលើកដំបូងរបស់លោកមីលលីទៅកាន់ស៊ីរី ចាប់តាំងពីកាន់តំណែងនេះក្នុងឆ្នាំ២០១៩ ហើយលោកក៏ធ្លាប់មកប្រទេសនេះពីមុនដែរក្នុងនាមជាមេបញ្ជាការទ័ពម្នាក់»៕ (ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *