ឃាត់បុរសម្នាក់ ឆក់យកទូរសព្ទដៃ នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់យកទូរសព្ទ កាលពីថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១ថ្ងៃត្រង់ នៅចំណុចសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ។

សមត្ថកិច្ចនិយាយនៅថ្ងៃទី៥មីនាឆ្នាំ២០២៣ថា ដំបូងមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ហ៊ុយ សុខហេង ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹងថា «នៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង០៩និង៤៧នាទីព្រឹក មានជនសង្ស័យម្នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1H-6915 បានធ្វើសកម្មភាពជាទិញទូរសព្ទ០១គ្រឿង ហើយក៏បន្លំឲ្យទៅយកទូរសព្ទដៃ១គ្រឿង ផ្សេងទៀត ហើយក៏មានឱកាសឆក់យកទូរសព្ទ១គ្រឿង ម៉ាក iPhone X ពណ៌ស រត់ឡើងម៉ូតូបើករត់គេចខ្លួនបាត់ទៅ» ។

បន្ទាប់ពីទទួលបណ្ដឹងរួចរាល់ហើយ កម្លាំងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៤ខែមីនាឆ្នាំ២០២៣ វេលាម៉ោង៣រសៀល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងចាប់បានរួមមាន ទូរសព្ទដៃ ០២ គ្រឿង ម៉ាក HUAWEI ពណ៌ខៀវ០១គ្រឿង និងម៉ាកអាយហ្វូន X ពណ៌ស ០១ គ្រឿងជាផលនៃអំពើលួចនិងម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-6915 ។

បច្ចុប្បន្នជនសង្ស័យបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី ៕ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *