ទំនាស់គ្នាយកកាំបិតចាក់ភាគីម្ខាងស្លាប់,សមត្ថកិច្ចឃាត់បានម្នាក់,រត់រួចម្នាក់

កោះកុង ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីមានទំនាស់ជាមួយបុរសភាគីម្ខាងហើយយកកាំបិតចាក់ជាច្រើនកន្លែងបណ្តាលឱ្យស្លាប់កើត​ឡើង​ កាលពីថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣និង៤០ នាទីទៀបភ្លឺ​ នៅចំណុចមុខក្លោងទ្វារសួនសត្វ​ ស្ថិតក្នុងភូមិចាំយាម​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ​ បឿន ប៊ុនហេង ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​កម្មករ​ ស្នាក់នៅ​ភូមិ-ឃុំខាងលើ​ និង​របួស​ស្រាល​ម្នាក់​ ឈ្មោះ ហេង ចាន់ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ​ ស្នាក់នៅ​ ភូមិ​-ឃុំកើត​ហេតុ​ខាង​លើ​ ។

ចំណែកជនសង្ស័យមាន​គ្នា​២នាក់​រួមមាន ទី១​-ឈ្មោះ​ ហេង សៅឌី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរចុងភៅចិន​ ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​​ (រត់​គេច​ខ្លួន​)​ និង​ទី២​-ឈ្មោះ​ ហ៊ុយ ហៃទី ភេទប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ចុងភៅចិន​ ស្នាក់នៅអគារចិន​ ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ​​(ឃាត់​ខ្លួន​) ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាព​ យក​កូន​កាំបិត​ចាក់​ទៅ​ជន​រងគ្រោះ​ បណ្ដាល​ឱ្យរងរបួសធ្ងន់​ដោយសារទំនាស់ ហើយបានស្លាប់​ពេល​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។ ករណី​នេះ​កម្លាំង​នគរបាលជំនាញ​​ស្រុក​មណ្ឌលសីមា​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ ឯម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​ ។

បច្ចុប្បន្ន​សមត្ថកិច្ចបាន​បំពេញ​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់​ និង​កំពុង​ស្រាវជ្រាវ​រក​ជន​សង្ស័យ​បន្តទៀត​ ៕(ដោយប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *