ផឹកស្រវឹង សុំម្ចាស់ហាងបាញ់មេឃមួយគ្រាប់ រួចគេចខ្លួនបាត់

ភ្នំពេញ ​៖​ ជនសង្ស័យ៤នាក់ជិះម៉ូតូ៣គ្រឿង មកអង្គុយផឹកស្រាបៀរនៅក្នុងរោងលក់ទឹកត្នោតជូរមួយកន្លែង ខណៈស្រវឹងដកកាំភ្លេីងរួចសុំអ្នកលក់បាញ់មួយគ្រាប់រួចឡេីងជិះម៉ូតូគេចខ្លួនបាត់ ដែលសកម្មភាពទំនើងខាងលើនេះ កេីតឡេីងកាលពីវេលាម៉ោង ២និង៥០នាទីរសៀល​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៣​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមសម្តីអ្នកលក់ឈ្មោះភិន​ ណាត​ ភេទប្រុស អាយុ៤៥ឆ្នាំ​ បានឱ្យដឹងថា​ មុនពេលកេីតហេតុជនសង្ស័យមានគ្នា៤នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកអង្គុយផឹកស្រាបៀរ នៅក្នុងរោងលក់ទឹកត្នោតជូរបស់គាត់​ ខណៈអង្គុយផឹកស្រាបៀរអស់៣កញ្ច្រែង ស្រាប់តែបុរសម្នាក់មកសុំរូបគាត់ថា​ «បងខ្ញុំសុំបាញ់បញ្ចេញកំហឹងមួយគ្រាប់​»។

ភ្លាមនោះបុរសនោះក៏ដេីរមកមុខរោងដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួនមួយគ្រាប់ធ្វេីឱ្យអ្នកលក់នឹងបុគ្គលិករត់ជាន់ជេីងគ្នា។ បន្ទាប់មកក្រុមទាំងនោះក៏បានរេីសសំបកគ្រាប់ហេីយនាំគ្នាជិះម៉ូតូចេញទៅអស់​ ទេីបរូបគាត់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ 

ក្រោយកេីតហេតុ អាជ្ញាធរមូលដ្ឋានបានត្រឹមនាំម្ចាស់ទីតាំងទៅប៉ុស្តិ៍នគរបាលចោមចៅទី១​ ដេីម្បីបំភ្លឺនិងធ្វើកំណត់ហេតុ ជុំវិញករណីបាញ់បោះសេរីខាងលេី៕ដោយ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *