សង្ស័យឆ្លងអាគុយ ឆេះ​រថយន្ត​ក្រុង ដែលចត​ទុកចោល ​ទាំងស្រុង

ភ្នំពេញ ​៖​ រថយន្ត​ក្រុង​មួយ​គ្រឿង​ បានឆាបឆេះទាំងស្រុង បង្កការភ្ញាក់ផ្អើល សមត្ថកិច្ចចុះធ្វើការ​អន្តរាគមន៍ ​កាលពី​វេលា​ម៉ោង ​១និង​២០នាទីរំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​១១ ខែមីនា​ ឆ្នាំ​២០២៣ ត្រង់​ចំណុច​ខាងក្រោយ​ ផ្សារ​បឹង​បៃតង​ តាមបណ្ដោយ​ផ្លូវ​បេតុង​ ក្នុងសង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ។ 

រថយន្តខាងលើ ​ជាប្រភេទរថយន្ត​ក្រុង​ ៤៥កៅអី​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2B-1459 បានរងការឆាបឆេះទាំងស្រុងដោយសារមូលហេតុ សង្ស័យឆ្លងចរន្តភ្លើង ពីក្បាលអាគុយរបស់រថយន្ត ។ 

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្បែរកើតហេតុ​ឲ្យដឹងថា​ រថយន្ត​ក្រុង​ខាងលើ ​បាន​មកឈប់​ចត​ទុក​ចោល​នៅ​ត្រង់​ចំណុច​កេីតហេតុ​ អស់រយៈពេល​យូរមកហើយ​ ។ ​កន្លង​មក​ប្រជាពលរដ្ឋ​ ​ក៏​ធ្លាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ ប៉ុន្តែ​នៅ​តែ​មិន​ឃើញ​ម្ចាស់ មក​បើក​យក​រថយន្ត​នោះ​ចេញ​ពី កន្លែង​កើតហេតុ​នោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ​និងបាញ់​ទឹកពន្លត់ ​ទប់ស្កាត់មិនឱ្យឆាបឆេះ​រាលដាល ​ដល់​ផ្ទះ​ជិត​ខាងនោះទេ​ ហើយ​ចំពោះ​មូលហេតុ​ សមត្ថកិច្ច​បាន​សនិ្នដ្ឋានជំហាន​ដំបូង ​បណ្ដាល​មកពី​«ឆ្លង​ក្បាល​អាគុយ​រថយន្ត»៕ដោយសំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *