ឃាត់ជនសង្ស័យ៣នាក់​ ពីបទលួច​ម៉ូតូ​ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបចាប់ខ្លួន នាំទៅសួរនាំនិងចាត់ការតាមច្បាប់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ កាលពីយប់រំលងអធ្រាត្រ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៣នាក់រួមមាន ទី១-ឈ្មោះឈិន ណុប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ,ទី២-ឈ្មោះ វ៉ាន់ថា បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និង ទី៣-ឈ្មោះលី ទី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ,មានស្រុកកំណើត នៅភូមិកំពង់ត្របែក ឃុំ- ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកជនរងគ្រោះឈ្មោះ សូត្រ រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងKTV ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 1O-3013 តែត្រូវបានជនសង្ស័យដោះចេញបាត់ហើយ ។

សមត្ថកិច្ចបន្តថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូវិលត្រឡប់មកពីធ្វើការងារវិញ ចតទុកចាក់សោត្រឹមត្រូវនៅខាងក្រោម ហើយឡើងទៅដេកបន្ទប់ជាន់លើ ,លុះដល់រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឃើញក្រុមជនសង្ស័យដើរឡើងទៅលើ ហើយចុះមកវិញបាត់ មិនបានចាប់អារម្មណ៍តាមដានឡើយ។

រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ចុះមកមើល ស្រាប់តែបាត់ម៉ូតូ ក៏ដាក់ការសង្ស័យ ដោយសារធ្លាប់ស្គាល់ស្រីស្នេហ៍របស់ក្រុមជនសង្ស័យផង ,លុះដល់ព្រឹកឡើងក៏រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ រួចនាំកម្លាំងសមត្ថកិច្ច ចុះទៅតាមរកដល់បន្ទប់ជួល របស់ក្រុមជនសង្ស័យ ក្នុងភូមិជ្រៃកោង គ្រាន់តែរុញទ្វារបើក ស្រាប់តែប្រទះឃើញក្រុមជនសង្ស័យកំពុងដោះគ្រឿង ស្លាកលេខម៉ូតូចេញ ក៏ចាប់ខ្លួនបានទាំង៣នាក់និង រកឃើញសម្ភារមួយចំនួនទៀតផង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបាននាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕ ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *