បុរសជាជនជាតិចិនស្រវឹងស្រាបើករថយន្តយ៉ាងលឿនទៅបុកម៉ូតូបណ្ដាលឱ្យស្រីម្នាក់បាត់បង់ជីវិតនិងបុរសម្នាក់របួស

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតនិងបុរសម្នាក់រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូសុខៗត្រូវរថយន្តឡិចស៊ីសបើកបរដោយជនជាតិចិនម្នាក់ស្រវឹងស្រាបុកពេញទំហឹង ហើយបន្តទៅបុកបង្គោលឡាក់បាក់អស់មួយដើមនិងផ្លាកចំណតរថយន្តក្រុងបាក់អស់មួយដើមទៀត រួចរថយន្តកល់ជាប់បង្គោលឡាក់ទៅមុខលែងរួច។

គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ត្រង់ចំណុចរបងវត្តទួលទំពូង តាមបណ្ដោយផ្លូវលេខ១៤៣កែងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តឡិចស៊ីស CT200H ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ2BQ-3397បើកតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅពីជើងមកត្បូងយ៉ាងលឿន,ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BX-6108 បើកបរដោយបុរសម្នាក់ និងរួមដំណើរស្ត្រីម្នាក់ទៀត បើកតាមបណ្តោយផ្លូវមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីលិច។

ពេលនោះបានបណ្តាលឱ្យដួលវិលក្បាលម៉ូតូបែរមកទិសខាងលិចវិញ រងរបួសធ្ងន់ចំណែកស្រ្តីជិះពីក្រោយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ឯបុរសដែលរងរបួសស្រាលបានដើរចេញពីកន្លែងកើតហេតុបាត់តែម្តង។ឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកឡើងលើចិញ្ចើមផ្លូវបុក បង្គោលឡាក់បាក់អស់មួយដើមនិងបុកស្លាកចំណតរថយន្តក្រុងបាក់មួយដើមទៀត រួចរថយន្តកល់ជាប់នឹងបង្គោលឡាក់ហើបកង់មួយចំហៀងទៅមុខលេងរួច។ ភ្លាមៗគេឃើញជនជាតិចិនចុះពីលើរថយន្តមានសភាពស្រវឹងស្រា ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពតម្កល់ទុកនៅមន្ទីរពេទ្យព្រះកុសមៈអតីតពេទ្យលោកសង្ឃរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕ដោយធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *