រថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ កើតឡើងនៅចំណុចផ្លូវក្រាលកៅស៊ូ ភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧យប់។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង មិនស្គាល់អត្តសញ្ញាណ បើកមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ,លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ពាក់ស្លាកលេខ កំពង់ស្ពឺ1U-7796 បើកបរដោយឈ្មោះ ជួ ប៊ុនឡេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងបើកមកបញ្រ្ចាសទិសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ នៅនិងកន្លែងកើតហេតុ។ 

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងរួចបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបានបើករត់គេច ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរ។ ចំពោះវត្ថុតាងម៉ូតូខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតីវិធី ៕ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *